ព័ត៌មានជាតិ

សម្តេចធិបតី៖ កូនខ្មែរ ចង់ក្លាយជាមន្រ្តី ត្រូវវិនិយោគលើការរៀនសូត្រ មិនត្រូវពឹងខ្សែ ឬរកថវិកាសូកគេឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារទៅកាន់ក្រុមយុវជនជាកូនខ្មែរថា បើចង់ក្លាយជាមន្រ្តីបម្រើប្រជារាស្រ្ត ត្រូវវិនិយោគលើការរៀនសូត្រ និងមានសមត្ថភាព ដោយមិនត្រូវពឹងខ្សែរយៈ ឬរកថវិកាដើម្បីសូកប៉ាន់គេនោះទេ គឺត្រូវខិតខំរៀនសូត្រដោយខ្លួនឯង។

នាឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា សម្តេចធិបតី មានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាពប្រឡង គឺត្រូវគ្រប់គ្រងលើវិញ្ញាសា ដែលត្រូវចេញឲ្យបានហ្មត់ចត់ កុំឲ្យមានការបែកធ្លាយ។ សម្ដេចថា ម្ដាយ-ឪពុក ដែលភ័យខ្លាចកូនមិនបានប្រឡងជាប់ កុំទៅរត់ការ ឬស្វែងរកការអន្តរាគមន៍ណាមួយ តែត្រូវប្រាប់ឲ្យកូនខំប្រឹងរៀនសូត្រវិញ។

សម្តេចធិបតីមានប្រសាសន៍ថា «មន្រ្តីចូលបម្រើរដ្ឋ ត្រូវចាប់ផ្តើមពីខ្លួនឯង មានទំនុកចិត្ត មិនមែនជាការវិនិយោគទេ។ វិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ វិនិយោគអាហ្នឹង។ មិនត្រូវវិនិយោគរកខ្សែ រកថវិកា ដើម្បីសូកគេនោះទេ។ ត្រូវវិនិយោគការខិតខំប្រឹងប្រែង ដើម្បីធានាបាន»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានឲ្យដឹងថា ភាពសុក្រឹត្យ សមត្ថភាព មុនក្លាយជាមន្រ្តីរាជការ ត្រូវបានបង្ហាញឡើងតាមរយៈ ការប្រឡងជ្រើសរើសមន្រ្តីរាជការកន្លងមក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សុក្រឹត្យភាព និងភាពត្រឹមត្រូវនៃការប្រឡងនេះ គឺជាឧទាហរណ៍មួយ ប៉ុន្តែជាកិច្ចការធំណាស់ សម្រាប់ផ្តល់ការលើកទឹកចិត្ត ដល់កូនខ្មែររបស់យើង ដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត។ គឺជាការចូល និងស្ម័គ្រចិត្ត និងការខិតខំលះបង់»៕

To Top