ព័ត៌មានជាតិ

សម្ដេចធិបតី៖ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រី ជាប្រចាំ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា នេះ សម្ដេចធិបតីមានប្រសាសន៍ថា «គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ អង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព, ការពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និងប្រតិបត្តិការការងារ, ការកសាងវប្បធម៌ផ្តល់សេវាល្អ, ការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ និងការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងការផ្តល់ សេវាសាធារណៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ, មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈល្អ»។

សម្តេចធិបតី ក៏បានណែនាំគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាស និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និងកម្មវិធីចែក រំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមរបស់សាលាភូមិន្ទរដ្ឋបាល។

សម្តេចធិបតីបន្ដថា គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូលដ្ឋានក្នុង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និង ភារកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច, គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ គាំទ្រដល់ដំណើរការនៃ ការកសាងរដ្ឋបាលសាធារណៈ ឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តជាបណ្តើរៗ។

សម្ដេចធិបតីបន្ថែមថា ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសមត្ថភាព មន្ត្រីក្នុងរដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុល ផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តើមចេញពីការពិនិត្យឡើងវិញ នូវស្ថានភាពបច្ចុប្បន្ន នៃការកសាងសមត្ថភាពមន្តី សាធារណៈ, ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍សមត្ថភាព មន្ត្រីជាប្រព័ន្ធដោយឈរលើ គោលការណ៍គុណភាពនៃការបណ្តុះបណ្តាល និងប្រសិទ្ធភាពចំណាយ, ការរៀបចំកម្មវិធីសិក្សាប្រកប ដោយគុណភាពឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្ដែង, ការផ្សារភ្ជាប់ការបណ្តុះបណ្តាល ជាមួយនឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឈ អាជីពមន្ត្រី, ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឍិគ្រូឧទ្ទេស, ការពង្រឹងកិច្ចសហការរវាង គ្រឹះស្ថានបណ្តុះបណ្តាលជាដើម។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំក្រសួងមុខងារសាធារណៈត្រូវបន្ត ជំរុញការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង ព័ត៌មានមន្ត្រីតាមប្រព័ន្ធឌីជីថលឲ្យកាន់តែមាន លក្ខណៈពេញលេញ និងសមស្រប ដើម្បីធានាបាននូវការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យ និងគុណវុឌ្ឍិមន្ត្រីជាក់ស្ដែងនៅតាមអង្គភាព របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បម្រើដល់គោលដៅ ការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីឲ្យបានពិតប្រាកដ ៕

To Top