ស្វីស៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្រប តាមកម្រិតទំនាក់ទំនង ការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣នាទី ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់នៅកម្ពុជា។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានអបអរសាទរចំពោះខួបទំនាក់ ទំនងការទូត៧០ឆ្នាំ រវាងកម្ពុជានិងជប៉ុន ដែលបានប្រារព្ឋយ៉ាងអឹកធឹកកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនង ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន ដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កា ដល់ប្រជាជននៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែម ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ ដែលបាននិងកំពុងជួយជ្រោមជ្រែងនិងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។
ក្រៅពីនេះ ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានថ្លែងអំរគុណ ដល់ប្រទេសជប៉ុនដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញ លើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។
ឆ្លើយតបចំពោះចំណុចនេះ លោក MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។
មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងសន្តិសុខ សង្គម ដែលមានស្រាប់ឱ្យ កាន់តែរីកចម្រើន បន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងដ៏ស្អិត រមួតក្នុងនាមជាដៃ គូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕