ភ្នំពេញ ៖ កម្ពុជាបានធ្វើការ នាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ ។ នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ។ សន្ទុះនៃការនាំចេញកើនឡើងវិញនេះ ក្រោយពីមានការ ធ្លាក់ចុះអស់រយៈពេលជិត១៨ ខែចាប់តាំងពីពាក់កណ្តាល ឆ្នាំ២០២២ ។

វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មិនត្រឹមតែជាទីពឹង ផ្នែកសេដ្ឋកិច្ច តាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារ ដល់ប្រជាពលរដ្ឋ ជិតមួយលាននាក់ ផងដែរ ។ ប្រមាណ ៤៨ ភាគរយនៃប្រាក់ ចំណូលនាំចេញ សរុបរបស់កម្ពុជា មានចំនួន១០ពាន់លានដុល្លារក្នុងអំឡុង ខែមករាដល់ខែឧសភា ឆ្នាំ២០២៤ បានមកពីការ នាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នេះឯង ។

តាមទិន្នន័យពាណិជ្ជកម្ម ចុងក្រោយបំផុត ផ្នែកទាំងអស់ដែលស្ថិត នៅក្រោមវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មានដំណើរការល្អ ក្នុងអំឡុង ខែមករាដល់ ខែឧសភា ឆ្នាំ២០២៤ ដោយបានបង្កើនការនាំចេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
