ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ធ្វើយ៉ាងណា ដើម្បីឲ្យពិធីបុណ្យនេះ មានភាពឱឡារិកអធិកអធម ព្រោះបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនា។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ បានបញ្ជាក់ថា ដើម្បីឲ្យពិធីបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ឆ្នាំនេះមានភាពឱឡារិកអធិកអធម មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី-ខេត្តត្រូវសហការជាមួយសាលាគណ រដ្ឋបាលរាជធានី-ខេត្ត និងគ្រឹះស្ថានអប់រំ ដើម្បីធ្វើការផ្សព្វផ្សាយខ្លឹមសារ ស្តីពី បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជនគ្រប់មជ្ឈដ្ឋាន ឲ្យបានយល់ជ្រួតជ្រាបអំពីអត្ថន័យ នៃពិធីបុណ្យ។
ក្នុងនោះត្រូវបំផុសឲ្យគ្រប់វត្តអារាម រៀបចំពិធី បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ឲ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។ សម្រាប់នៅតាមបណ្តារាជធានី-ខេត្ត នីមួយៗ ត្រូវជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធីបុណ្យជាផ្លូវការ។
ជាមួយគ្នានេះដែរ ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ណែនាំដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ គ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លា ព្រះវិហារ កុដិឧបដ្ឋានសាលា និងកន្លែងគោរពសក្ការៈបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ យាងចេញសាងព្រះផ្នួស ត្រាស់ដឹង សម្តែងធម្មចក្កប្បវត្តនសូត្រ ទ្រង់សម្តែងយមកប្បាដិហារ្យ បរិនិព្វាន និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗ ត្រូវរៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្តែង ព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទធ្វើសមាធិកម្មដ្ឋាន។
ទន្ទឹមនឹងនេះ ក៏ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពក្នុងពិធីបុណ្យ និងបំផុសសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ឲ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា រក្សាឱ្យបាននូវប្រពៃណីដ៏ល្អផូរផង់ របស់ព្រះពុទ្ធសាសនា និងអនុមោទនាយកអានិសង្សរៀងៗខ្លួន ។
ក្រសួងក៏បានសំណូមពរ ពុទ្ធបរិស័ទចូលរួមឧបត្ថម្ភ គាំទ្រព្រះភិក្ខុសង្ឃ តាមបណ្តាវត្តអារាមមុនពេល និងកំឡុងពេលនៃការចូលព្រះវស្សា ដើម្បីព្រះភិក្ខុសង្ឃបដិបត្តិនូវធម៌វិន័យ និងគង់ចាំព្រះវស្សាឲ្យបានគ្រប់កាល ៣ខែ ចាប់ពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ដល់ ថ្ងៃ ព្រហស្បត្តិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤៕