ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញសារាចរ រៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងបំណងរៀបចំផ្ទះរបស់ខ្លួនឲ្យរៀបរយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃ១១ មិថុនា បានចេញសារាចរស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលបំណងធានាឲ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឲ្យរៀបរយ។

គោលបំណងសារាចរនេះ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដែលផ្តោតលើ អភិបាលកិច្ចនិងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំង ដើម្បីធានាឲ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ឈរលើអភិក្រម ពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឲ្យរៀបរយ ។

ទន្ទឹមនឹងនេះ ការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ត្រូវពង្រឹង និងការរៀបចំឲ្យបានរៀបរយ នូវរចនាសម្ព័ន្ធដែលមានស្រាប់ ៖ ដោយប្រើប្រាស់ឲ្យអស់នូវលទ្ធភាពនិងសក្តានុពល ក្នុងការកែលម្អការអនុវត្តមុខងារ ដែលជាសមត្ថកិច្ចរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធឲ្យបានសមស្រប ក្នុងការគាំទ្រការអនុវត្តមុខងារ និងការរៀបចំរំហូរការងារក្នុងក្រសួង ស្ថាប័ន ព្រមទាំងការកំណត់ គណនេយ្យភាពនិងការទទួលខុសត្រូវ ច្បាស់លាស់ក្នុងការបំពេញការងារ។

ជាមួយគ្នានេះ ត្រូវរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន មិនត្រូវនាំឲ្យមានការបង្កើនចំនួន អង្គភាពទោះក្នុងកម្រិតណាមួយក៏ដោយ ឬបន្ថែមទម្ងន់បែបបទនិងនីតិវិធី ដែលមានស្រាប់នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ។ ក្រសួង ស្ថាប័ន ត្រូវពិនិត្យឡើងវិញរចនាសម្ព័ន្ធ មានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដើម្បីធ្វើការកែសម្រួល ឬច្របាច់បញ្ចូលគ្នា ឬលុបចោល ៕

To Top