ស្វីស ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារ កាន់តែប្រសើរ (Better Work) នៃអង្គការអន្តរជាតិ ខាងការងារ (ILO)កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនាម្សិលមិញ ម៉ោងនៅប្រទេសស្វីស ក្នុងខណៈដែលលោកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ (ILO)។

ក្នុងនោះលោករដ្ឋមន្ត្រី បានលើកឡើង ពីសារសំខាន់នៃគម្រោង កាន់តែប្រសើរដែលកម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ ដែលអនុវត្តគម្រោងការងារ កាន់តែប្រសើររបស់អង្គការអន្តរជាតិ ខាងការងារ (ILO-BFC) ហើយកម្ពុជា ក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទី ដ៏ចាំបាច់នៃគម្រោងការងារ កាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជា ក្នុងទីផ្សារពិភពលោក។

ត្រង់ចំណុចនេះ លោកស្រីប្រធានកម្មវិធីកាន់តែប្រសើរ របស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូង ក្នុងតំបន់ដែលអនុវត្តគម្រោង ការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរ ហើយវត្តមានរបស់កម្ពុជាក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និងផែនការអាទិភាពជាយុទ្ធសាស្ត្រ ដែលក្រសួងបាននិងកំពុង ដាក់ចេញជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យវាយនភណ្ឌ របស់កម្ពុជាកាន់តែប្រសើរឡើង ជាលំដាប់បន្ថែមទៀត សម្រាប់ប្រយោជន៍គ្រប់ភាគី ដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នា លើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគី ពាក់ព័ន្ធក្នុងការបន្តពង្រឹង ប្រសិទ្ធភាព និងបរិយាកាស ការងារក្នុង ទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀត នៅកម្ពុជាខណៈដែលចាំប្រទេស បានអនុវត្តយ៉ាងល្អ លើគម្រោងការងារកាន់តែប្រសើរនៅក្នុងតំបន់៕
