ព័ត៌មានជាតិ

រថភ្លើង៤គ្រឿង ទិញពីជប៉ុន ត្រូវបានបើកសាកល្បង ជាលើកទី២

ភ្នំពេញ ៖ រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit)ចំនួន៤គ្រឿង ក្នុងចំណោម១១គ្រឿង ដែលកម្ពុជាបញ្ជាទិញពីជប៉ុន ត្រូវបានបើកបរតេស្តសាកល្បងជាលើកទី២ លើផ្លូវដែកភាគខាងជើង (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) ក្នុងរយៈចម្ងាយជាង៥៥គីឡូម៉ែត្រប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃ១២ មិថុនា ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

ការសាកល្បងជាលើកទី២ បន្ទាប់ពីការបើកបរតេស្តលើកទី១ លើផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) កាលពីថ្ងៃ៨ មិថុនា ក្រោយពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី១០៦៧មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។
ការបើកតេស្តសាកល្បងលើកទី២នេះ បានធ្វើឡើងក្នុងល្បឿនចម្លោះពី ៣០-៥០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់។

សូមបញ្ជាក់ថា ក្រោយដឹកពីជប៉ុន តាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេស នាយកដ្ឋានផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC)បានពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្ធហ្វ្រាំងរថភ្លើង ដឹកអ្នកដំណើរឲ្យស្របតាមស្តង់ដារផ្លូវដែកកម្ពុជា ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព មុននឹងដាក់ឲ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខ ។ នៅពេលដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឲ្យរត់ដោយបែកចែកជា២៖១- ផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឲ្យរត់ ៨០km/h និង២- ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឲ្យរត់ចន្លោះពី ៣០-៥០km/h៕

To Top