ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។
នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ របស់រាជរដ្ឋាភិបាល នាថ្ងៃ១២ មិថុនា សម្តេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។
សម្ដេចធិបតីបន្ដថា ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ថា ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយ ប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System) ។
នាឱកាសនោះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ (គ.វ.រ.) ក៏បានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការដាក់ឲ្យអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ ដោយផ្តោតលើ៖ (១) ការដាក់ ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព , (២) ការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង(៣) ការដាក់ ឲ្យអនុវត្តប្រព័ន្ធ លើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕