ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទ សារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
សន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើឡើង នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានការអញ្ញើញ ចូលរួមជាអធិបតីភាព ដោយលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងវត្តមានជាវាគ្មិន ដោយ លោកបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) និងលោក សាយ រតនៈ ប្រធានគ្រប់គ្រង ការសិក្សា និងអភិវឌ្ឍន៍ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។

លោក កត្តា អ៊ន លើកឡើងថា ទិវាជាតិនេះ រៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន និងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ។

លោករំពឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » នៅឆ្នាំនេះនឹងមានអ្នកចូលរួមលើសពី៦មុឺននាក់ ដោយតាមរយៈទិវានេះនឹងអាចផ្លាស់ប្តូផ្នត់គំនិត របស់សាធារណជន ជាពិសេសយុវជន ពីការសិក្សាវិទ្យាសាស្រ្តសង្គម មកសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលទីផ្សារការងារមាន តម្រូវការខ្ពស់នៅកម្ពុជា ។ បន្ថែមពីនេះ ទិវាជាតិនេះនឹងពង្រឹង កិច្ចសហការរវាងគ្រឹះស្ថាន បណ្តុះបណ្តាលបច្ចេកទេសទាំង ៣៧ នៅទូទាំងប្រទេស ក្នុងទិសដៅស្រូបទាញ យុវជនគោលដៅ មកចូលរៀនជំនាញ បច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែច្រើនថែមទៀត។

នៅក្នុងសន្និសីទសារព័ត៌មាននេះលោក ហ៊ីង ស៊ីដេត បានលើកឡើងថាទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅមជ្ឈមណ្ឌលពិពរណ៍ និង សន្និបាតកោះពេជ្រ នឹងមានការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ ពិពរណ៍ចំនួន ១២៥ ដោយមានការចូលរួមពីស្ថាបន័ចំនួន ១០៤ ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣៤ និងក្រុមហ៊ុន គ្រឹះស្ថានឯកជន អង្គការ សមាគម និង ដៃគូអភិវឌ្ឍន៍ចំនួន ៧០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ, ផ្សព្វផ្សាយ និង ណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល។

ក្នុងឱកាសនោះ លោក កត្តា អ៊ន អំពាវនាវឱ្យយុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ចំណេះដឹងថ្មីៗ ឱកាសរៀន តេស្ដបញ្ជាក់សមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងឱកាសទទួលបានការងារធ្វើ ៕







