ភ្នំពេញ៖លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារបាននិងកំពុងបន្តយុទ្ធនាការកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យកាន់តែផុសផុលនៅទូទាំងប្រទេសបន្ថែមទៀត បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជននៅវគ្គទី១។
លោកបានគូសបញ្ជាក់បន្ថែមថា៖«ពលរដ្ឋម្នាក់ ជួយជំរុញយុវជនឱ្យបានម្នាក់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈគឺជាការស្រលាញ់ជាតិ ជាស្មារតីស្នេហាជាតិ ជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចំរើនរុងរឿង តាមរយៈយុវជនម្នាក់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើល្អ និងប្រាក់ចំណូលសមរម្យ»។
លោក បន្ថែមថា គ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន៣៧ ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសបាននឹងកំពុងចូលរូមយ៉ាងសកម្មលើការបណ្តុះបណ្តាលជំនាញដល់យុវជន ហើយសកម្មភាពនេះនឹងបន្តដូចភ្លៀងរលឹម។
លោកបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី កន្លងទៅ គឺធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើសមរម្យ មានប្រាក់ចំណូលអាចទ្រទ្រង់ជីវភាពគ្រួសារ។ ដូច្នេះហើយការជួយជំរុញយុវជន និងសមាជិកគ្រួសារម្នាក់អាចមកចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលគឺជាការជួយសង្គមជាតិ និងជាការស្នេហាជាតិមួយដ៏ត្រឹមត្រូវ។
លោកអំពាវនាវឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាដែលមិនទាន់បានចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសូមរួសរាន់មកចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស។ លោកថ្លែងអំណរគុណទៅដល់ភាគីពាក់ព័ន្ធជាពិសេសបណ្តាញអ្នកសារព័ត៌មានទាំងអស់ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ៕