ស្វាយរៀង៖ លោកហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង បានថ្លែងស្នើដល់សមាជិកក្រុមប្រឹក្សាស្រុករមាសហែក ត្រូវលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់ របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានថ្លែងស្នើដូច្នេះក្នុងឪកាស ដែលលោក តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញប្រកាសចូលកាន់តំណែង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅសលាស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤។
លោកហែម ពិសិដ្ឋ បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រាំទ្រផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ នាពេលនេះ ដែលសរុបមានចំនួន២១នាក់ ឲ្យចូលកាន់មុខដំណែងជាក្រុមប្រឹក្សាស្រុកសម្រាប់បន្តដឹកនាំ និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោអភិបាលរង ខេត្តបានបន្តថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺជាដំណើរការ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួម ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ ការផ្លាស់ប្តូររចនាសម្ពន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានផ្តាំផ្ញើ ដល់ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាស្រុករមាសហែកទាំងអស់ត្រូវរួមគ្នាសម្រេចបាននូវកិច្ចការចាំបាច់ ខិតខំពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីក្នុង ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និង ឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ។

បន្ថែមលើសពីនេះ លោកអភិបាលរងខេត្តស្វាយរៀងបានណែនាំដល់ក្រុមប្រឹក្សាស្រុករមាសហែក ដែលទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយតម្លាភាព គណនេយ្យភាព សមធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយ ណាមួយនោះឡើយ។
ជាមួយគ្នានេះ លោកអភិបាលរង ខេត្តស្វាយរៀងក៏បានជំរុញឲ្យអាជ្ញាធរស្រុករមាសហែក ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវចូលរួមបង្ក្រាបទ ល្មើសគ្រឿងញៀន និងចូលរួមគោរពចរាចរណ៍ជាពិសេសបង្ក្រាប រាល់បទល្មើសផ្សេងៗ នៅមូលដ្ឋាននិងក្មេងជំនើងផងដែរ៕
