កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រសៀលថ្ងៃសុក្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីជាង ៨ ០០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ ស្រុកស្រីសន្ធរ។
បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំ ចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹក ទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។
ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨ ០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។ ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើប ខ្នាតធំបូមទឹកពីទន្លេ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។
សមិទ្ធផលមហាសាលនេះ ស្ថិតក្រោមហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគាវិនិយោគ សហគមន៍អឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានា បាននូវសន្តិសុខទឹកសម្រាប់គ្របតម្រូវការ ដោយប្រើប្រាស់ថវិកាប្រមាណ ៣២លានដុល្លា៕