ពោធិ៍សាត់: ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ផែនការងារនគរបាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីម៉ូ លីដា ស្នងការរងទទួល ផែនការងារ នគរបាលព្រហ្មទណ្ឌ បានសហការនិងកម្លាំងនគរបាលស្រុកបាកាន ធ្វើការស្រាវជ្រាវ កំណត់មុខ សញ្ញាករណីឃាតកម្ម សំលាប់លោកតាអាយុ ៦៤ ឆ្នាំម្នាក់ដាក់ក្នុងប្រអប់លូមួយកន្លែងស្ថិតនៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកានកាលពីវេលាម៉ោង ២១ និង ៤៥ នាទីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤។
តាមការស្រាវជ្រាវ សមត្ថកិច្ចនគរបាលជំនាញ បានកំណត់មុខសញ្ញា និង ឈានដល់ការចាប់ខ្លួន បានជនសង្ស័យ ជាឃាតករនៅវេលាម៉ោង ១១ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ ស្ថិតនៅចំនុចវាលបឹងខ្ទុំ ភូមិរូង ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។
ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីម៉ូ លីដា បានអោយដឹងថាជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះមានឈ្មោះសឿម សឿត ភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកស្នងការរងក៍បានអោយ ដឹងទៀតថា តាមចម្លើយរបស់ជនសង្ស័យឈ្មោះសឿម សឿត បានសារភាពថាខ្លួនគេពិត ជាបានយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះអ៊ួន យ៉ូន ភេទប្រុសអាយុ ៦៤ ឆ្នាំ ជាច្រើនពូថៅបណ្តាលអោយស្លាប់ ពិតប្រាកដមែនដោយសាររូបគេខឹងជន រងគ្រោះផឹកស្រាស្រវឹងដើរតាមផ្លូវធ្វើអោយ មានឆ្កែព្រួសបណ្តាល អោយរូបគេដេកមិនលក់ ។
ជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចនគរបាលស្រុក កំពុងកសាងសំណុំ រឿងបញ្ជូនមកកាន់ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕