ព័ត៌មានជាតិ

ការអភិវឌ្ឍភូមិគំរូ នៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ ដើម្បីជួយជំរុញ ការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយផ្ទាល់

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ ដើម្បីជួយជំរុញការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដោយផ្ទាល់។

ការលើកឡើងនេះធ្វើឡើង ក្នងឱកាសលោករដ្ឋមន្រ្តីអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សរុបចំនួន ៥៣រូប ស្រី១៤រូប នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីបាន ស្តាប់របាយការណ៍៦ខែកន្លងមក ដោយ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង រួចមក លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការ គ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេច បានគួរជាទីមោទន: ដែលជាការចូលរួមចំណែក ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗ នៅក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យ សព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

លោករដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖
ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជនបទសមាហរណកម្ម

ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ

ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍភូមិគំរូ ក្នុងគោលដៅធានាដល់សហគមន៍ជនបទអាចបន្ដការអភិវឌ្ឍដោយខ្លួនឯង ជាលំដាប់ និងប្រកបដោយនិរន្ដរភាព

ទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  តាមរយៈការជ្រើសរើសមន្ដ្រី និងការបណ្ដុះបណ្ដាលមន្រ្ដី ជាពិសេសយន្ដការលើកទឹកចិត្តមន្ដ្រី។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងទាំងអស់ដូចខាងក្រោម៖

-ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
-ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ របៀបរបបធ្វើការ ការរៀបចំសណ្ដាប់ធ្នាប់ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ  មានការលើកទឹកចិត្ត ប្រកបដោយតម្លាភាព និងសមភាព។
-មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍភូមិគំរូ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ៕

To Top