ភ្នំពេញ ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សចូលរៀន ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើន ក្រសួងការងារ បានផ្តួចផ្តើមពង្រីកវេនសិក្សា ឱ្យកាន់តែមានលក្ខណៈបត់បែន មានច្រើនជម្រើស ពីថ្ងៃចន្ទ ដល់សុក្រ និងថ្ងៃសៅ អាទិត្យ សរុប៧វេនផ្សេងៗគ្នា ។

នេះបើតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ក្នុងពិធិបើកទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ក្រោមប្រធានបទ« TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ។

លោកបានឱ្យដឹងថា ការផ្តួចផ្តើមពង្រីកវេនសិក្សាចំនួន៧វេននេះ នឹងផ្តល់ភាពងាយស្រួលដល់ ដល់សិស្ស និងកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ក៏ដូចជាក្នុងប្រព័ន្ធ មានពេលវេលា និងឱកាសបានចូលរៀន ហើយនៅតែអាចបន្តការងារ រកប្រាក់ចំណូលប្រចាំថ្ងៃ បានដដែល។

វេនសិក្សាទាំង៧នោះរួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន៥វេន ដែលក្នុងនោះវេនពេញ១ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក១ពេល ពេលរសៀល១ពេល ឬវេនពេលល្ងាច ដែលក្នុងនោះ អាចបែងចែក ជា៣ម៉ោងពេលល្ងាច ឬ២ម៉ោងពេលល្ងាច។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា ២វែនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍អាទិត្យតែម្តង និង វេនតែថ្ងៃអាទិត្យតែមួយ។

បើតាមលោករដ្ឋមន្ត្រី វគ្គសិក្សាតាមវេននីមួយៗមានរយៈពេលខុសគ្នា ចាប់ពី៤ខែទៅ១២ ខែអាស្រ័យទៅតាមវេនដែលសិស្ស និងកម្មករនិយោជិត បានចុះឈ្មោះចូលរៀន។ ឯកឧត្តមបញ្ជាក់ថា៖« ការរៀបចំវេនសិក្សាបែបនេះ ជាពិសេសវេនល្ងាច វេនយប់ និងចុងសប្តាហ៍ និងអនុញ្ញាតឱ្យយុវជន និងកម្មករនិយោជិតអាចចុះឈ្មោះពេលណាមួយ ដែលសមស្រប និងងាយស្រួលសម្រាប់ខ្លួន ខណៈដែលពួកគេនៅតែបន្តធ្វើការងារ និងធានាបានស្ថេរភាព នៃប្រភពចំណូលរបស់ខ្លួន» ៕






