ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជេីញបើកការដា្ឋន សាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វ មហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។

សូមបញ្ជាក់ថា ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន១៦,២០០,៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាស្ពានប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប : ៦២២ម៉ែត្រ ,បណ្ដោយតួស្ពាន:២៨១ម៉ែត្រ ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។

ស្ពានទី១: ផ្លូវឯកទិសមានទិសដៅ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះ ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិតេជោ និង ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន៕




















