ព័ត៌មានជាតិ

សម្ដេចធិបតី ច្រានចោល ចំពោះគំនិតផ្តួចផ្តើម ហាមមិនឲ្យនាំ រថយន្តចាស់ចូលកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានច្រានចោល ចំពោះគំនិតផ្តួចផ្ដើម ក្នុងការហាមមិន ឲ្យនាំចូលរថយន្ដចាស់ចូលកម្ពុជា ប៉ុន្ដែសម្តេចក៏បានស្នើឲ្យពង្រឹង ពិនិត្យប្រព័ន្ធរថយន្ដ នៅកម្ពុជាឲ្យបានល្អវិញ។

សម្ដេចធិបតីលើកឡើងបែបនេះ នាឱកាសអញ្ជើញ ជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃ១៧ មិថុនា។

សម្ដេចធិបតីបានថ្លែងថា មកដល់បច្ចុប្បន្ន នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុង ការកំណត់ឆ្នាំរថយន្ត ចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឲ្យបានល្អវិញ ព្រោះថា «មួយឆ្នាំៗ ត្រូវយករថយន្ដមកឆៀកម្ដងៗ»។

សម្ដេចធិបតីមានប្រសាសន៍ថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឲ្យបានរឹងមាំវិញ។ កាលមុនមានកិច្ចប្រជុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សូមយោបល់ខ្ញុំ ដោយសារគិតគូរអំពីបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំថា ឥឡូវ គួរតែហាមឆ្នាំ២០២៤នេះ ហាមមិនឲ្យនាំរថយន្ដលើសអាយុ១០ឆ្នាំ ដល់ឆ្នាំ២០៣០ ហាមមិនឲ្យនាំចូលរថយន្ដដែលអាយុ៥ឆ្នាំ ដើម្បីយើងធានារថយន្ដឲ្យល្អ កុំឲ្យប៉ះពាល់បរិស្ថាន ខ្ញុំថា ដកចោលទៅ»។

សម្ដេចធិបតីបន្ដថា ប្រទេសខ្លះ គេហាមនាំចូលរថយន្ដចាស់ ដើម្បីលើកស្ទួយ វិស័យកម្រិត ឧស្សាហកម្មរថយន្ដ នៅក្នុងប្រទេស ។ ដោយឡែក ក្រុមហ៊ុន ដំឡើងរថយន្ដនៅកម្ពុជា ក៏លើកទឹកចិត្ត ប៉ុន្ដែពួកគាត់មានសិទ្ធិ ប្រកួតប្រជែង ជាមួយអ្នកនាំចូលរថយន្ដមួយទឹក៕

នាឱកាសនោះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា រដ្ឋមិនអាចហាមឃាត់មិនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ មិនឱ្យទិញរថយន្ត ឬម៉ូតូបានទេ ព្រោះនេះ តម្រូវការរបស់ពលរដ្ឋ ហើយនេះក៏សរបញ្ជាក់ពីការរីកចម្រើនយ៉ាងលឿននៅក្នុងរាជធានីភ្នំពេញ និយាយដោយឡែក និងនិយាយជារួម ការរីកចម្រើននៅទូទាំងប្រទេស ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ដរាបណា ប្រទេស នៅតែមានសុខសន្តិភាព ភាពរីកចម្រើននឹង នៅតែមានទៅមុខបន្ថែមទៀត៕

To Top