ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្កើត App ដើម្បីឲ្យពលរដ្ឋ អាចដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធច្រកចេញចូលតែមួយ ឬសំណូមពរនានា

ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងកំពុងបង្កើត App មួយ ដើម្បីឲ្យប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្ដឹងពាក់ព័ន្ធការងារនៅតាមច្រកចេញចូលតែមួយ ឬសំណូមពរ និងបញ្ហាអ្វីមួយ ដើម្បីឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិបានដឹង និងយកទៅដោះស្រាយ ហើយរដ្ឋបាលថ្នាក់ជាតិ ក៏ត្រូវតាមដាន ពីការដោះស្រាយនោះ។ នេះជាការលើកឡើង របស់លោកក្នុងសន្និសីទ សារព័ត៌មានស្តីពីការ ផ្ដល់សេវាតាមច្រកចេញចូលតែមួយ នាពេលថ្មីៗ ។

លោកបន្តចំពោះការទទួលយកសេវា តាមច្រកចេញចូលតែមួយនេះ គឺរហូតមកដល់ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋបានយល់ច្បាស់យ៉ាងទូលំទូលាយ និងទៅទទួលសេវាជាហូរហែរ ប៉ុន្តែយ៉ាងណា ក៏ដោយពលរដ្ឋ ដែលមានតម្រូវការអ្វីមួយ អញ្ជើញទៅទទួលសេវាផ្ទាល់ ដើម្បីបានដឹងពីប្រសិទ្ធភាព ការផ្ដល់សេវា ឬអាចឲ្យមន្ត្រីពន្យល់ពីការងារអ្វីមួយឲ្យបានច្បាស់លាស់ ជាជាងពឹងពាក់លើអ្នករត់ការ ។

ចំណែកលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកឡើងថា ការផ្តល់សេវា តាមច្រកចេញចូលតែមួយ ពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋ ពិសេសគឺការខិតខំធ្វើឲ្យនីតិវិធីកាន់តែសាមញ្ញ មានតម្លាភាព និងឆាប់រហ័ស ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំងចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាម ការវិវត្ត និងតម្រូវការក្នុងសង្គម ដើម្បីបង្កភាពងាយស្រួល និងធានានូវភាពពេញចិត្តរបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល នានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផល សម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅនីតិកាលថ្មីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមាន អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ជាសេនាធិការ កាន់តែបង្កើន ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើឲ្យគោលនយោបាយវិមជ្ឈការ និងវិសហការ រួមទាំងយន្តការច្រកចេញ ចូលតែមួយ ភាពរីកចម្រើនប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ៕

To Top