ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទ បន្ដយកចិត្តទុកដាក់បំពេញការងារ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង។

នាឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញការណែនាំមួយចំនួនដែលជាទិសដៅការងារបន្ដ ទៅកាន់បណ្ដាអង្គភាព នាយកដ្ឋាន មន្ទីរ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីធានាដល់ប្រសិទ្ធភាពខ្ពស់ ពិសេសទប់ស្កាត់ និងបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង។

នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា កន្លងទៅនេះក៏មានមតិមួយចំនួន បានតិះទៀនដល់បុគ្គលនគរបាល ដែលជះឥទ្ធិពលមិនល្អដល់ស្ថាប័ន អគ្គស្នងការដ្ឋាននគរបាលជាតិទាំងមូល ដោយបញ្ហាទាំងអស់នេះត្រូវតែលុបបំបាត់ និងកែប្រែរាល់អ្វីដែលជាចំណុចខ្វះខាត។

នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ បានណែនាំឲ្យបន្ដពង្រឹង យន្ដការប្រចាំបញ្ជា និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីអន្ដរាគមន៍ ដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងថែបំប៉នកម្លាំង អន្ដរាគមន៍ឲ្យបានរឹងមាំ មានវិន័យកងជួរ សំដៅត្រៀមដោះស្រាយ ហេតុការណ៍ជាយថាហេតុ ។

ទន្ទឹមនោះ ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសំណូមពរ ឬមតិរិះគន់របស់សាធារណៈជន បានទាន់ពេលវេលា សំដៅការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕
