ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករ ទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធីជួបសំណេះសំណាលនោះ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ការចូលរួមក្នុង សហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករ ទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា»។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតដែលទទួលបន្ទុកការងារ «សហគមន៍កសិកម្មទំនើប» នេះ រួមគ្នាពិនិត្យមើលលទ្ធភាព ជាមួយប្រជាកសិករ និងសមាជិក សហគមន៍កសិកម្ម ដែលចាប់អារម្មណ៍ ដើម្បីសិក្សាបន្ត អំពីលទ្ធភាព នៃការចងក្រងសហគមន៍កសិកម្មទំនើប ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងសក្ដានុពលនៃផលិតកម្មរបស់បងប្អូនប្រជាកសិករ នៅស្រុកត្រាំកក់ ខេត្តតាកែវនេះ ។

សូមបញ្ជាក់ថា ដំណើររបស់ លោករដ្ឋមន្ដ្រី ធ្វើឡើងដើម្បីពន្យល់ប្រជាកសិករ និងសហគមន៍ អំពីកម្មវិធីគោល នយោបាយអាទិភាព ស្តីពី «សហគមន៍កសិកម្មទំនើប» និងអត្ថប្រយោជន៍នានា ដែលប្រជាកសិករទទួល បានពីការចងក្រងសហគមន៍កសិកម្មទំនើប៕

