ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី មានសក្តានុពល ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាច្រើនថែមទៀត សម្រាប់ជាផលប្រយោជន៍ប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានគូសរំលេចថា កម្ពុជា-សិង្ហបុរី មានសក្តានុពលក្នុងការពង្រីក កិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀត សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ ។

ការបញ្ជាក់នេះធ្វើក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចធិបតី និងលោក Lee Hsien Loong នាឱកាសសម្ដេចទស្សនកិច្ចផ្លូវការនៅសិង្ហបុរី នៅថ្ងៃ១៩ មិថុនា។

ក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី Lee Hsien Loong បានបង្ហាញក្តីរីករាយដែលបានជួបសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនោះលោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាការងាររបស់សម្តេចធិបតី ជាមួយប្រធានាធិបតី Tharman Shanmugaratnam និងនាយករដ្ឋមន្រ្តី Lawrence Wong កាលពីថ្ងៃទី១៨ មិថុនា ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសរំលេចអំពីកិច្ចពិភាក្សាលើវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី ដែលជាចំណងការទូតដ៏យូរអង្វែង ជាពិសេសចាប់តាំងពីប្រទេសកម្ពុជា បានទទួលស្គាល់ឯករាជ្យភាពរបស់សិង្ហបុរីនៅឆ្នាំ១៩៦៥ ហើយ សម្តេចធិបតី ក៏បានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។

សម្ដេចធិបតី និងលោកទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា «កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍ នៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើ វិស័យសក្តានុពលមួយចំនួន ដូចជា៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ សន្តិសុខថាមពល ការការពារបរិស្ថាន ការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងការធានាបាននូវវិបុលភាពក្នុងតំបន់» ។

ឆ្លៀតក្នុងឱកាសនេះលោកទេសរដ្ឋមន្រ្តី ក៏បានក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនជន្មាយុ របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៨ ឈានចូល៨៩ ព្រះសិរីវស្សា។

លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយលោកសង្ឃឹមថា នឹងបានទទួលស្វាគមន៍ដ៏កក់ក្តៅចំពោះសម្តេចតេជោ បំពេញទស្សនកិច្ចនៅសិង្ហបុរី នាពេលខាងមុខ ៕

To Top