ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា-វៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញ ទៅមក ក្នុងការដណ្តើមឯករាជ្យ ពីរបបអាណានិគម

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមក ក្នុងការដណ្តើមឯករាជ្យ ពីរបបអាណានិគមដែលទាំងនេះជាសច្ចភាព នៃប្រវត្តិសាស្រ្តដែលប្រជាជននៃ ប្រទេសទាំងពីរត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ។

នាឱកាសអញ្ជើញជាអធិបតីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី២០ មិថុនា នៅខេត្តត្បូងឃ្មុំ សម្ដេចធិបតីបញ្ជាក់ថា «យើងចងចាំជានិច្ចនូវការចូលរួមកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបាន ចូលរួមជួយកម្ពុជាក្នុងបុប្វហេតុរំដោះជាតិ»។

សម្ដេចធិបតីបន្ដថា «ប្រវត្តិសាស្រ្តដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដូចដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា-វៀតណាម តែងតែបានលើកជារឿយៗថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដំណ្តើមឯករាជ្យ ពីរបបអាណានិគម»។

សម្ដេចនាយករដ្ឋមន្ដ្រី រៀបរាប់ឲ្យដឹងថា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាមដូចគ្នា ក្នុងបុព្វហេតុរំដោះប្រទេស ដែលឈានដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ។ សម្ដេចថា ដូចគ្នា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមធ្លាប់ជួយកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការកសាងអភិវឌ្ឍន៍ប្រទេសផងដែរ។

នាយករដ្ឋមន្ដ្រីបញ្ជាក់ទៀតថា ទាំងនេះជាសច្ចភាព នៃប្រវត្តិសាស្រ្តដែលប្រជាជន នៃប្រទេសទាំងពីរ ត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ តាមរយៈការបកស្រាយណាមួយ ដែលមិនមានមូលដ្ឋានប្រវត្តិសាស្រ្តជាក់ស្តែង ៕

To Top