នយោបាយ

អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វញ៉ា ប្រកាសដើរចេញពីមេដឹកនាំជ្រុលនិយម ដែលព្យាយាមប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ (Video)

ភ្នំពេញ ៖ លោក សម វឌ្ឍនា អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វញ៉ា បានប្រកាសដើរចេញពីប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ ។ ជាមួយនឹងការដើរចេញនេះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ ក៏បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

ជាការឆ្លើយតប នឹងសំណើរនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហាន ចាកចោលក្រុមប្រឆាំងទាំងនៅក្រៅ ប្រទេសទាំងនៅក្នុងប្រទេស មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ។

តាមរយៈលិខិតសំណើរសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក សម វឌ្ឍនា បានលើកឡើងថា ក្នុងរយៈពេលជាង២០ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វ័យ៥៩ឆ្នាំកន្លងមកនេះ លោកបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ កំលាំងនយោបាយរឹងមាំ និងមានចក្ខុវិសយ័នយោបាយវែងឆ្ងាយ ដើម្បីធានាស្ថេរភាពនយោបាយ និងធានាសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍន៍សង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា ឲ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត ។

លោកបញ្ជាក់ថា «នាទីចុងក្រោយដែលធ្វើឲ្យខ្ញុំបាទសម្រេចចិត្ត សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា១០០% គឺដោយសារមិនពេញចិត្ដទៅ និងមេដឹកនាំប្រឆាំងជ្រុលនិយមដែលព្យាយាម ប្រឆាំងទៅនិងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងបែប រារាំងទប់ស្កាត់ក្នុងគោលបំណងបំផ្លាញ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលផលបានពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនអាចទទួលយកបាន» ៕

To Top