ព័ត៌មានជាតិ

កម្ពុជា សម្រេចចូលរួមជាមួយបារាំង គាំទ្រលើសេចក្តីថ្លែងការណ៍រួម ឈប់ដាក់ទោសទណ្ឌ ចំពោះការស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួម ជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌ ជាសកល ចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយ នាថ្ងៃទី២០ មិថុនា នេះ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួមស្តីពី ការឈប់ដាក់ទោសទណ្ឌជាសកល ចំពោះការស្រឡាញ់ ភេទដូចគ្នា ផ្តួចផ្តើមដោយលោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំង ទទួលបន្ទុក ការលើកកម្ពស់សិទ្ធិអ្នក ស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឲ្យកម្ពុជាចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួបចំនួនពីរលើក រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួបជាមួយ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមអបអរសាទរចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងការសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរម្លឹកដាស់តឿន កុំឲ្យមានការរើសអើង ចំពោះអ្នកស្រឡាញ់ភេទ ដូចគ្នា ជាពិសេសបញ្ញត្តិច្បាប់នៃកម្ពុជា ពុំមានការដាក់ទោសទណ្ឌ លើការស្រឡាញ់ភេទដូចគ្នា ។

សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាមួយបារាំងលើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និង សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ ទន្ទឹមនេះ ការចូលរួម គាំទ្រសេចក្តីថ្លែង ការណ៍រួមនេះ បានបង្ហាញថា កម្ពុជា គឺជាសង្គមមួយ ដែលមនុស្សគ្រប់រូបអាចរួមរស់ នៅជាមួយគ្នាប្រកប ដោយភាពសុខដុមរមនា គ្មានការរើសអើង នៅក្រោមម្លប់ នៃសន្តិភាព និងការអភិវឌ្ឍ ៕

To Top