ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ព័ត៌មានក្លែងក្លាយ គឺជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់

កណ្ដាល៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយម និងបណ្តាញឃោសនា របស់គេពីក្រៅស្រុកមួយចំនួន បាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។

ប៉ុន្តែលោកថា វ៉ាក់សាំងការពារ និងបន្សាបមេរោគខាងព័ត៌មាន ដែលមានការបំពុលនេះ ធ្វើឡើងតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មាន​ពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់លោក ក្នុងឱកាសចូលរួមជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃ២០ មិថុនា ។

លោក ប៉ែន បូណា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ និងប្រជាជនដោយដាក់ជីវិតជាដើមទុន ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានកសាងប្រទេសពីគំនរផេះផង់រហូតសម្រេចបានសមិទ្ធផលធំធេងមិនធ្លាប់មានពីមុន។ ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដើម្បីលើកស្ទួយមោទកភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះទាំងអស់គ្នាមិនអនុញ្ញាតឲ្យ អ្នកណាមកកាឡៃការពិត និងរារាំងដំណើរឆ្ពោះទៅមុខ របស់រាជរដ្ឋាភិបាលបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធ នឹងការងារព័ត៌មាននិងនាំពាក្យ ដោយសង្កត់ធ្ងន់លើតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំ ព័ត៌មានពិតឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាប តាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម៕

To Top