ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ត​ទុកដាក់ចំពោះ​សុខទុក្ខ​របស់អតីតយុទ្ធជន នៅ​គ្រប់​កាលៈទេសៈ​

ភ្នំពេញ​៖ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជននៅគ្រប់កាលៈទេសៈតាមរយៈការអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងការគិតគូរដោះស្រាយជីវភាព ទាំងសម្ភារៈ ថវិកា ជាបន្តបន្ទាប់ចំពោះអតីតយុទ្ធជន។

ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៤ ដែលរៀបចំឡេីងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង សហការជាមួយសមាគអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង នាទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ការរៀបចំប្រារព្ធទិវាអតីតយុទ្ធជនក៏ដើម្បីជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាជនទូទាំងប្រទេសឱ្យបានយល់ដឹងកាន់តែទូលំទូលាយ អំពីអតីតយុទ្ធជនកម្ពុជា ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជននិងកងកម្លាំងប្រដាប់អាវុធសំដៅប្រែក្លាយយុវជនឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុត រឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។

លោក ភួង សិទ្ធិ បញ្ជាក់បន្ថែមថា ការប្រារព្ធទិវានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសំដៅធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី និងប្រជាជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិនៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ។

លោកប្រធានមន្ទីរ​ បានឱ្យដឹងទៀតថា បច្ចុប្បន្នខេត្តបាត់ដំបងមានអតីតយុទ្ធជនចំនួន១៤ ០១៦នាក់ក្នុងនោះបានចុះឈ្មោះចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួន១១ ៦៩៩នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៩ ៤៣៩នាក់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបងដែលកំពុងទទួលរបបគោលនយោបាយពីរដ្ឋ៕

To Top