ព័ត៌មានជាតិ

ហេដ្ឋារចនាសម្ព័ន្ធ គឺជាមុខមាត់នៃស្ថាប័ន សរុបជិត ១២ម៉ឺនដុល្លារ ឧបត្ថម្ភជាបង់អង្គុយ ភេសជ្ជៈ និងថវិកា ពី ខ្មែរ ប៊ែវើរីជីស ដល់បណ្ឌិត្យសភានគរបាលជាតិ

ភ្នំពេញ៖ ដោយសារតែសង្កេតឃើញពីតម្រូវការ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៃបណ្ឌិត្យសភានគរបាលជាតិ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ បង់អង្គុយចំនួន ១០០បង់បន្ថែម និងភេសជ្ជៈសរុប ៧៥០កេស ដើម្បីជួយសម្រាលបន្ទុកនៃការរៀបចំ និងការស្ថាបនាផ្សេងៗ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលជាតិ។

តាមរយៈការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស នេះគឺជាចំណែកមួយក្នុងការចូលរួម លើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់ភាពងាយស្រួលដល់និស្សិត និងសិក្ខាកាម ដែលកំពុងសិក្សា នៅបណ្ឌិត្យសភានគរបាលជាតិទាំងមូល ដែលនិស្សិតទាំងអស់ សុទ្ធសឹងតែជាធនធានបម្រើ ដល់ប្រយោជន៍ជាតិ មាតុភូមិ ការពារសុខសុវត្ថិភាព និងសន្តិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

ក្នុងនាមសហគ្រិនខ្មែរ ដែលតែងតែប្ដេជ្ញាកសាងម៉ាកយីហោផលិតផលខ្មែរ “MADE IN CAMBODIA” គុណភាពកម្រិតអន្តរជាតិ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យលេចមុខមាត់ដូចបណ្ដាប្រទេសផ្សេងៗ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឧបត្ថម្ភដល់បណ្ឌិត្យសភានគរបាលជាតិ។ ការឧបត្ថម្ភនេះជាលើកទី២ហើយ ដោយលើកទី១ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភភេសជ្ជៈ ៧៥០កេស និងបង់អង្គុយចំនួន ១៥០បង់ ដែលចំណាយសរុបលើការឧបត្ថម្ភទាំងទី២លើកនេះប្រមាណជាង ១២ម៉ឺន ដុល្លារ ហើយ។ ការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាហូរហែនេះ គឺដើម្បីបម្រើជាប្រយោជន៍រួម ក្នុងគោលបំណងរួមចំណែក លើកស្ទួយដល់ការបណ្ដុះបណ្ដាល និងលើកកម្ពស់សោភណភាពជូនស្ថាប័ន៕

To Top