ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន សំណូមពរដៃគូអភិវឌ្ឍន៍បន្តការគាំទ្រ លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកថវិកានិងបច្ចេកទេស

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសំណូមពរដល់ដៃគូអភិវឌ្ឍន៍ដូចជា KfW, AFD, EU ជាដើម មេត្តាបន្តការគាំទ្រ ដល់ដំណើររបស់ក្រសួង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកថវិកា ក៏ដូចជាបច្ចេកទេស។

ការសំណូមពរនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងធនាគារអាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍន៍(KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាព បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ និងបានកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរនោះ បានកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ធានាបានឱ្យគ្រួសារនៅជនបទមានប្រាក់ចំណូលដោយចីរភាព និងការរស់នៅប្រកបដោយសុខុមាលភាព ព្រមទាំងមានការអប់រំសីលធម៌ល្អ ។
ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមាន (ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។, (ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍នៅជនបទ តាមរយៈការកែប្រែ ឥរិយាបថល្អ រស់នៅដោយមានអនាម័យល្អ និងសុខភាពល្អ។, (ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋានដើម្បីបង្កើតការងារនិងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅជនបទ និង(ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានលើឡើងអំពីបញ្ហាជារួម នៅតំបន់ជនបទរួមមាន ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពសង្គម, បញ្ហាបរិមាណ ការគ្រប់គ្រង និងគុណភាពផ្លូវនៅកម្រិត ជាងនេះទៅទៀតលោករដ្ឋមន្រី្ត ក៏បានបន្តលើកឡើងអំពីបញ្ហាប្រឈម ដែលក្រសួងកំពុងជួបប្រទះដូចជា បញ្ហាថវិកា សម្រាប់ការអភិវឌ្ឍនៅមានកម្រិត ដែលមិនឆ្លើយតបនិងមហិច្ឆិតា របស់ក្រសួងនាពេលបច្ចុប្បន្ន, កង្វះការចូលរួមថែរក្សាសមិទ្ធផល ឱ្យមានភាពគង់វង្ស និងមានចីរភាព, កង្វះធនធានមនុស្ស ដែលទទួលការត្រួតពិនិត្យគុណភាព និងសេវាបច្ចេកទេស, កង្វះបទដ្ឋានគតិយុត្តិ និងភាពខ្សត់ខ្សោយ នៃវត្ថុធាតុដើម។ល។
លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពី ទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅចំពោះមុខថាក្រសួង និងខិតខំក្នុងការលើកកម្ពស់ កម្រិតគុណភាពផ្លូវជនបទ ឱ្យក្លាយជាផ្លូវដែលអាចធន់ និងការប្រែប្រួលអាកាសធាតុ ( ផ្លូលក្រាលកៅស៊ូ និងបេតុង) ហើយធ្វើយ៉ាងណាក្នុងឆ្នាំ ២០៣០ ជំរុញឱ្យបាន ៧៥% នៃភូមិនៅជនបទមានផ្លូវធន់នឹងបម្រែបម្រួលអាកាសធាតុតភ្ជាប់។
ក្រសួងនឹងបង្កើនការងារថែទាំ នៅរាល់សមិទ្ធផល ដែលមានស្រាប់ឱ្យមានចីរភាពយូអង្វែង និងស្របតាមអនុសាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងគុណភាព ៧០% និងពង្រីកថ្មី ៣០%។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយដៃគូអភិវឌ្ឍន៍ដូចជា KfW, AFD, EU ជាដើម។
ជាការឆ្លើយតបលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមតិស្វាគមន៍ និងរបាយការណ៍របស់លោករដ្ឋមន្ត្រីនាពេលនេះ។

លោកបានបន្តថាកន្លងមកក្រសួងអភិវឌ្ឍន៍ បានអនុវត្តការងារបានយ៉ាងល្អ ត្រឹមត្រូវ និងច្បាស់លាស់ ទោះជាពេលខ្លះមានការជួបផលលំបាកខ្លះ តែក្រសួងបានជួបពិភាក្សា និងដោះស្រាយទាន់ពេលវេលា។

លោកក៏បានលើកឡើង ពីការបន្តជំហរគាំទ្រ និងសហការជាមួយក្រសួងអភិវឌ្ឍន៍បន្តទៀត​ ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជនបទគឺដើតួសំខាន់ណាស់ សម្រាប់ការបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។ជាចុងបញ្ចប់លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Jost Kadel ព្រមទាំងប្រតិភូអមដំណើរ ដែលអញ្ជើញមកនាពេលនេះ៕

To Top