ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ប្រសាសន៍អំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាការណែនាំក្រើនរំលឹក ដល់អ្នកសារព័ត៌មាន(អនឡាញជាពិសេស) អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ អំពីភាពចាំបាច់ក្នុងការធានា ការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នា ជាប្រចាំរបស់ប្រជាជនកម្ពុជា។
ការលើកឡើងរបស់លោកអ្នកនាំពាក្យរូបនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនានេះ បន្ទាប់ពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសារដាស់តឿន ក្រឿនរំលឹក ដល់អ្នកដែលបានចែកចាយ និងបង្ហោះវីដេអូនៃសកម្មភាព ខ្មាន់កាំភ្លើង បាញ់សម្លាប់ជនរងគ្រោះក្នុងគេហដ្ឋាន នៅបុរីប៉េងហួត ដែលករណីនេះ ទើបតែកើងឡើងថ្មីៗ ។
ក្នុងនោះលោក ទេព អស្នារិទ្ធ បានរំលឹកថា “ការអំពាវនាវនេះគឺជាការក្រើនរំលឹក ដាស់និងពង្រឹងស្មារតីដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ កុំឱ្យដើរប្រាសចាសពីគន្លងនៃក្រមសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌ក្នុងការរស់នៅក្នុងសង្គម ដែលក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល មានជនមួយចំនួន ក្នុងចំណោមអ្នកទាំងនេះ ដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង បែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌បុគ្គល បំពានក្រមសីលធម៌ នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន តួយ៉ាងប្រភេទព័ត៌មាន ភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅ ដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ”។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា “ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានបំណងធានាសិទ្ធិសេរីភាព ដោយលើកកម្ពស់បរិយាកាសសង្គមឌីជីថល ប្រកបដោយសុវត្ថិភាព ការគោរពសិទ្ធិបុគ្គលទាំងឡាយក្នុងសង្គម និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។ នាពេលកន្លងទៅ ក្រសួងព័ត៌មាន និងអ្នកនាំពាក្យរបស់ក្រសួង ក៏ធ្លាប់បានណែនាំផងដែរអំពីផលវិបាក នៃការផ្សព្វផ្សាយ -រាប់បញ្ចូលការចែករំលែកព័ត៌មាន តាមបណ្តាញសង្គមផងដែរ- ដោយបង្ហាញរូបភាព សោកនាដកម្មផ្សេងៗ រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សាយ៉ាងចំហរស្រស់ៗ ដោយមិនមានបិទបាំងត្រឹមត្រូវ តាមបទដ្ឋានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ឬប្រភេទរូបភាពផ្សេងទៀត ដែលប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម និងប៉ះពាល់ដល់សិទ្ធិឯកជនភាព សិទ្ធិនិងតម្លៃរបស់អ្នកដទៃ”។
អ្នកនាំពាក្យរូបនេះ បានបន្តលើកឡើងថា “សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋាន និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវផ្សារភ្ជាប់នឹងកាតព្វកិច្ចផងដែរ និងត្រូវអនុលោមតាមក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ ព្រមទាំងត្រូវគោរពតាមក្រមសីលធម៌ឱ្យបានត្រឹមត្រូវ ដើម្បីធានាសន្តិសុខព័ត៌មាន ជំនឿទុកចិត្តក្នុងសង្គម ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។
ក្នុងបរិបទនៃការធានាសណ្តាប់ធ្នាប់និងក្រមសីលធម៌នេះដែរ ក្រសួងព័ត៌មាន កាលពីពាក់កណ្តាលខែមេសាកន្លងទៅ បានរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូល ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ដើម្បីរៀបចំសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលកំណត់គោលការណ៍គ្រឹះរួម ស្តីពីក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ខណៈសង្គមកម្ពុជាកំពុងដើរស្របនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា។ វាជាកិច្ចការចំបងមួយដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល និងតម្រូវក្នុងសង្គម ក្នុងក្របខណ្ឌការលើកកម្ពស់គុណភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជាស្តង់ដា ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប គោរពនិងប្រតិបត្តិតាម សំដៅបន្តរួមចំណែកអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផល សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ខណៈរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់សីលធម៌រស់នៅល្អ និងគុណតម្លៃវិជ្ជាជីវៈក្នុងសង្គមឌីជីថល៕