ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark) សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញ ដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង ដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មាន ដូចជា រូបភាព វីដេអូ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាលជាដើម។
ថ្មីៗនេះ មន្ត្រីជំនាញ នៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូចមួយក្រុមបានប្រើវិធីសាស្រ្តធ្វើការផ្សព្វផ្សាយអំពីការផ្តល់កម្ចីឥណទានតាមអនឡាញ ក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទទួលយកសេវាកម្មកម្ចីរបស់ខ្លួន បន្ទាប់មកលួងលោមឲ្យជនរងគ្រោះបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយមួយ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នៅថ្ងៃទី២៣ មិថុនា នេះ បានបញ្ជាក់ថា ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ ក្រុមឧក្រិដ្ឋជនបានចោទជនរងគ្រោះធ្វើឱ្យបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយ ព្រមទាំងគំរាមកំហែងបង្ហោះរូបភាព វីដេអូជនរងគ្រោះតាមបណ្តាញសង្គម និងបានបង្ខំឲ្យជនរងគ្រោះសងប្រាក់ត្រឡប់នោះវិញយ៉ាងច្រើន។
គូសបញ្ជាក់ផងដែរថា កន្លងទៅមានករណីកម្ចីអនឡាញខុសច្បាប់ដែលក្រុមជនខិលខូចបានឆបោកប្រាស់យកប្រាក់ពីជនរងគ្រោះនិងគំរាមកំហែងតាមបណ្តាញសង្គមជាច្រើនករណី បន្ទាប់មកមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយជូនសារធារណជនបង្កើនការប្រុងប្រយ័ត្ន។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរំលឹកសារជាថ្មីដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការផ្តល់សេវាឥណទាន ឬកម្ចីអនឡាញខុសច្បាប់តាមវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
១- ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
២- សិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី។
៣- សូមកុំថតអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយដាក់ធានាដើម្បីទទួលបានកម្ចីនានា។
៤- រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើអ្នក ឬសាច់ញាតិជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់៕