ខេត្តកំពង់ចាម-ត្បូងឃ្មុំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លោកអភិបាល នៃគណៈអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។
ខ្សែផ្លូវទាំង៣ខ្សែនោះរួមមាន៖
-ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងមានប្រវែងសរុប ១៣,៥២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលត្រាច ឃុំទ្រាន ទៅដល់ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយមានរយៈពេលសាងសង់ចំនួន ១៨ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (RCIP) ដោយប្រើប្រាស់ហិរញ្ញប្បទាន សហប្រតិបត្តិការពីធនាគារពិភពលោក (WB)។
-ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៨៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ទៅដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ដែលបានស្ថាបនាចប់ជាស្ថាពរនៅដើមឆ្នាំ២០២៤។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរភាពបរិស្ថាន (CFACV) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
-ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង ដែលមាន ៣កំណាត់ ប្រវែងសរុប ៦,១០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ឆ្លងកាត់ឃុំទ្រា ទៅឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២៤ មានរយៈពេលសាងសង់ចំនួន ១២ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។
ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងបីនោះផងដែរ។
លោកបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើន ពីសមិទ្ធផលទាំងនេះ៕