ព័ត៌មានជាតិ

យូអិន៖ កងរក្សាសន្តិភាព នៅស៊ូដង់ខាងត្បូង ត្រូវបានបញ្ជូន ដើម្បីការពារជនស៊ីវិល ពីអំពើហិង្សាសហគមន៍ បន្ថែមទៀត

យូអិន៖ កងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង បានបង្កើនការល្បាត នៅក្នុងទីក្រុង Tonj East ដើម្បីការពារជនស៊ីវិល និងស្តារទំនុកចិត្តសហគមន៍ឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងសហគមន៍។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង ដែលគេស្គាល់ថា UNMISS ក៏បន្តចូលរួមជាមួយសមាជិកសហគមន៍ និងមេដឹកនាំ ជាពិសេសស្ត្រី ដើម្បីស្វែងយល់ពីទស្សនៈរបស់ពួកគេលើស្ថានភាពសន្តិសុខ និងកែតម្រូវការឆ្លើយតបរបស់ពួកគេឱ្យកាន់តែប្រសើរឡើង នេះបើតាមសម្តីរបស់អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Farhan Haq។

លោល Haq បានឲ្យដឹងថា បេសកកម្មក៏បានរាយការណ៍ ពីបញ្ហាប្រឈម ក្នុងការចូលទៅកាន់ទីក្រុង Tonj East ដោយសារតែស្ថានភាពផ្លូវមិនល្អ និងភ្លៀងធ្លាក់ខ្លាំង។ ជារឿយៗស្ថានភាពនេះធ្វើឱ្យ មានភាពស្មុគស្មាញ ដល់ការអនុវត្តច្បាប់នៅក្នុងតំបន់ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានប្តេជ្ញាចិត្ត បន្តផ្តល់សេវា ដល់សហគមន៍ ដែលរងផលប៉ះពាល់។

លោកបានលើកឡើងថា UNMISS សហការជាមួយកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ បានរៀបចំវេទិការយៈពេលពីរថ្ងៃនៅទីក្រុង Yambio ។ វេទិកានេះបានប្រមូលផ្តុំស្នងការស្រុក មេដឹកនាំសហគមន៍ យុវជន និងតំណាងស្ត្រីជាច្រើននាក់មកពីរដ្ឋ Western Equatoria ដើម្បីដោះស្រាយជម្លោះ និងអំពើហិង្សាអន្តរសហគមន៍ ដែលបន្តកើតមាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top