ព័ត៌មានជាតិ

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការងារ​ណែនាំពីការ​ស្វែងរកការងារធ្វើស្របច្បាប់នៅប្រទេសថៃ

ភ្នំពេញ៖ ដោយឃើញមានសារព័ត៌មានមួយចំនួនធំ បានចេញផ្សាយមិនត្រឹមត្រូវនូវតួលេខ និងអង្គហេតុមួយចំនួន​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​លិខិត​ឆ្លងដែន​របស់កម្ពុជានៅលេីទឹកដីថៃ​ និង​ប្រតិបត្តិ​ការ​របស់​អាជ្ញាធរ​ថៃចំពោះ​អន្តោប្រវេសន៍​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កញ្ញា​ ឃុន​ ណៃហៀក​ ​បាន​ពន្យល់ក្នុង​ន័យដេីមទាំងស្រុងថា​សូមជម្រាបជូនដល់សាធារណជនតាមការចេញផ្សាយលើទំព័រហ្វេសបុករបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅតាមសហគ្រាសចំនួន ១ ៧៧៤កន្លែង ដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ ១៨៩នា ក់ ក្នុងនោះពលករ កម្ពុជាចំនួន ៣ ៩៧១នាក់ មីយ៉ាន់ម៉ាចំនួន ២០ ១១១នាក់ ឡាវចំនួន ១ ៦៥៩នាក់ និងសញ្ជាតិផ្សេងៗចំនួន ៤៤៨នាក់។ ក្នុងប្រតិបត្តិការនោះអាជ្ញាធរថៃបានឃាត់ខ្លួនពលករបរទេសមិនមានឯកសារគ្រប់គ្រាន់ចំនួន ២៤០នាក់ ដែលក្នុងនោះមានពលករកម្ពុជាចំនួន ៨នាក់ មីយ៉ាន់ម៉ាចំនួន ១៩០នាក់ ឡាវចំនួន ៣៨នាក់ និងពលករសញ្ជាតិផ្សេងៗ ចំនួន ៤នាក់។

ដូច្នេះ សូមបងប្អូនគួរយល់បន្ថែមដែរថា «មានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD)/ប័ណ្ណព្រំដែន ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការទេសចរណ៍ អាចឆ្លងដែនបានមែន ប៉ុន្តែមិនអាចធ្វើការងារស្របច្បាប់នៅប្រទេសថៃបាននោះទេ»។

ដើម្បីក្លាយជាពលករស្របច្បាប់ បងប្អូនត្រូវមានឯកសារ ដូចខាងក្រោម៖

  • លិខិតឆ្លងដែន + ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ ឬ
  • លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) + ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ ឬ
  • ប័ណ្ណព្រំដែន+ ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ

ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ឬឆ្លងដែនរកការងារធ្វើនៅប្រទេសថៃ ដោយប្រើប្រាស់ឯកសារ មិនរៀបរយ សូមសាធារណជនសាកសួរព័ត៌មាន អំពីឱកាសការងារនៅបរទេសតាមរយៈ Hotline លេខ១២៨៦/១២៩៧៕

To Top