ភ្នំពេញ ៖ ជាបន្តបន្ទាប់សហជីព តំណាងកម្មករនិយោជិតមួយទៀត បានចេញមុខព្រមានប្តឹង អង្គការសង់ត្រាល់ ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចទាំងពីរនេះ ជួយរកដំណោះស្រាយជុំវិញ សកម្មភាពកកូរកកាយ របស់អង្គការសង់ត្រាល់ ដែលធ្វើខុសនីតិវិធីច្បាប់អនុញ្ញាតិ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការ ក្នុងរាជធានីភ្នំពេញលោក នួន នី អនុប្រធានសហភាពសហជីពការងារសន្តិភាពនិងជាអ្នកនាំពាក្យ បានព្រមានប្តឹងអង្គការសង្គមស៊ីវិល ដែលទទួលជំនួយបរទេសមួយនេះ ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយភស្តុតាង ដែលអះអាងថា ជាសកម្មភាពខុសច្បាប់ ។
លោក នួន នី ៖ “សហភាពសហជីពការងារសន្តិភាព នឹងធ្វើពាក្យបណ្តឹងមួយភ្ជាប់ ជាមួយភស្តុតាងទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតលើ របាយការណ៍សកម្មភាព និងជំនួយរបស់អង្គការ ដែលទទួលជំនួយបរទេសរូបនេះ ។ អង្គការសង់ត្រាល់ សូមបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើសកម្មភាពរបស់សហជីព” ។
បន្ថែមពីនេះ លោកអនុប្រធានរូបនេះ បានបន្តព្រមានថា បើអង្គការសង់ត្រាល់មិនបញ្ឈប់ សកម្មភាពរបស់ខ្លួននោះទេ សហភាពសហជីព របស់លោកនឹងដង្ហែក្បួន ដាក់ញត្តិ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កម្មភាពកកូរកកាយ របស់សង់ត្រាល់ ដែលជាអង្គការសង្គមស៊ីវិល ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប៉ុន្តែតែងតែធ្វើសកម្មភាព ក្នុងផ្នែកសហជីពទៅវិញ ។
សម្រាប់សហភាពសហជីពការងារសន្តិភាព ទង្វើរបស់អង្គការសង់ត្រាល់របៀបនេះ មិនអាចទទួលយកបានទេ ដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងស៊ើបអង្កេតឡើងវិញ ពីអាជ្ញាធរពាក់ព័ន្ធ ។
គួររំលឹកថា ក្រោយអង្គការសង់ត្រាល់ ចេញរបាយការណ៍ស្តីពីសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជាមក សហជីពជាច្រើនបានចេញមុខ ជាបន្តបន្ទាប់វាយប្រហាររបាយការណ៍ ដោយលើកឡើងថា គ្មានតម្លាភាព គ្មានភាពជាតំណាង និងគ្មានលក្ខណៈវិទ្យាសាស្ត្រដែលទទួលយកបាន។ ក្រុមសហជីពធំៗនៅកម្ពុជាបានលើកឡើងថា របាយការណ៍សង់ត្រាល់ ជារបៀបវារៈនយោបាយ និងចង់បំផ្លាញនូវឆ្នាំងបាយរបស់កម្មករកម្ពុជា ដែលមិនអាចទទួលយកបាន ៕