ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” នៅថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥រសៀល ។
សូមបញ្ជាក់ថា អតីតីឧកញ៉ា ស្រី ស៊ីណាដែលបានធ្វើ សកម្មភាពបាញ់សម្លាប់ជាគូដណ្ដឹង ក្នុងបុរីប៉េងហួតបឹងស្នោ កាលពីថ្ងៃ១៧ មិថុនា ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) កាលពីថ្ងៃ២៣ មិថុនា ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់តុលាការរាជធានីភ្នំពេញ ករណីឃាតកម្មដែលបង្កដោយជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងនារីជាគូដណ្ដឹងឈ្មោះ ឃីន កញ្ចនា ត្រូវបានសន្និដ្ឋានថា អំពើនេះជាអំពើឃាតកម្ម ដោយពុំមានធាតុផ្សំជាអំពើឃាតកម្ម គិតទុកជាមុនតាមការកំណត់នៃច្បាប់នោះទេ ព្រោះមុនពេលមានការបាញ់ប្រហារ ទៅលើជនរងគ្រោះ គឺមានការជជែកឈ្មោះប្រកែកគ្នា ជាមុនរវាងជនល្មើសនិងជនរងគ្រោះ ទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះភ្លាមៗ ដោយពុំមានភស្ដុតាងនៃការរៀបចំផែនការ សម្លាប់មនុស្សតាមមាត្រ ២០០ នៃក្រមព្រហ្មទណ្ឌឡើយ៕