ព័ត៌មានជាតិ

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលដែលមានភាពឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ភ្នំពេញ៖អ្នកជំនាញ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា របាយការណ៍របស់សហជីពដែលមានភាពឯករាជ្យ និងសុក្រឹតភាព ត្រូវធ្វើឡើងតាមលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង មានភាពជាតំណាងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ មានការវិភាគទិន្នន័យ និងវាយតម្លៃតាមកម្មវិធីត្រឹមត្រូវច្បាស់លាស់ បើមិនដូច្នេះទេរបាយការណ៍ដែលចេញផ្សាយនោះនឹងមិនត្រឹមត្រូវនោះទេ។

លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការធ្វើរបាយការណ៍ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គមពីសំណាក់សង្គមស៊ីវិល គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវធ្វើឡើងដោយមិនលំអៀង និងមិនធ្វើការវិភាគតាមអារម្មណ៍ និន្នាការនយោបាយ ដែលនាំឱ្យមានការវាយតម្លៃខុស ខាតប្រយោជន៍ជាតិ អត្ថប្រយោជន៍របស់កម្មករជារួម និងធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គម និងសេដ្ឋកិច្ចជាតិនោះឡើយ។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវបែបវិទ្យាសាស្រ្ត គឺត្រូវមានការប្រុងប្រយ័ត្នណាស់ក្នុងការជ្រើសរើសភាពជាតំណាង (sampling) ការកំណត់វិធីសាស្រ្ត និងប្រភព ដែលទាំងអស់នេះត្រូវជ្រើសរើសដោយឯករាជ្យ ហើយទិន្ន័យទាំងអស់ត្រូវធ្វើការវិភាគ (analyst) តាមកម្មវិធីច្បាស់លាស់ត្រឹមត្រូវ សុក្រឹតជាទីបំផុត។ បើសិនជា មិនបានកំណត់វិធីសាស្រ្តស្រាវជ្រាវ ការកំណត់ទិន្នន័យ ប្រភពសម្ភាសន៍ ភាពជាតំណាងបានត្រឹមត្រូវនោះទេ គឺរបាយការណ៍ដែលធ្វើឡើងនោះនឹងមានភាពលំអៀង។

លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា ការធ្វើរបាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលនានាត្រូវគោរពនូវគោលការសុក្រឹតភាព ទី១ ត្រូវផ្តល់ព័ត៌មានពិតប្រាកដ ច្បាស់លាស់នៃការប្រព្រឹត្តទៅ និងទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមពាក់ព័ន្ធនឹងសហជីព និងអង្គការសង្គមស៊ីវិល។ ទី២ ការសិក្សាចងក្រងរបាយការណ៍ត្រូវមានវិធីសាស្រ្តក្នុងការប្រមូលព័ត៌មានដោយមានភាពជាតំណាង ត្រឹមត្រូវ ការសម្ភាស និងប្រភពព័ត៌មានច្បាស់លាស់។ ទី៣ ត្រូវមានការវិភាគទិន្នន័យ ការវាយតម្លៃតាមបែបវិទ្យាសាស្រ្ត ដោយអ្នកជំនាញ ដោយធានាភាពឯករាជ្យ និងមិនលំអៀង។ ទី៤ ត្រូវគោរពតាមគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនានា។ ទី៥ ត្រូវគិតពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៅក្នុងសង្គម។ ទី៦ ត្រូវលើកពីបញ្ហាប្រឈម និងទី៧ ត្រូវផ្តល់ជាអនុសាសន៍ដោះស្រាយបញ្ហាប្រឈមដ៏ត្រឹមត្រូវ។

លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា សហជីព ឬអង្គការសង្គមស៊ីវិល ត្រូវទទួលខុសត្រូវចំពោះរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយ និងត្រូវធានាថារបាយការណ៍នោះត្រូវតែឯករាជ្យ ពិតប្រាកដ មិនបំផ្លើសបំភ្លៃ មិនលំអៀង មិនបម្រើផលប្រយោជន៍អង្គការចាត់តាំងណាមួយ ឬក្រុមណាមួយ ឬប្រទេសណាមួយនោះទេ។ ក្នុងនោះដែរ នៅពេលដែលគេរកឃើញថា របាយការណ៍នោះមិនឆ្លុះបញ្ចាំងពីការពិត មានភាពលំអៀង មានរបៀបវារៈបម្រើក្រុម ឬអង្គការ ឬប្រទេសណាមួយ នោះសហជីព និងអង្គការសង្គមស៊ីវិលទាំងនោះត្រូវទទួលខុសត្រូវលើការចេញផ្សាយរបាយការណ៍របស់ខ្លួន៕

To Top