ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤បានចុះអនុស្សរណៈយោគយល់គ្នានៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងផងដែរ។
បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រើប្រាស់ប្រព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh)នេះ សម្រាប់បណ្ណ/សៀវភៅការងាររបស់កម្មករនិយោជិតខ្មែរ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) វិញ្ញាបនបត្រវិជ្ជាជីវៈកម្រិត(១,២,៣) វិញ្ញាបនបត្របញ្ជាក់សមត្ថភាព សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្របច្ចេកទេស និងឯកសារផ្លូវការផ្សេងៗទៀតរបស់ក្រសួង។
លោក ហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលផ្តល់ការគាំទ្របច្ចេកទេសបន្ថែមដែលនឹងធ្វើឱ្យសេវាសាធារណៈឯកសារផ្លូវការដែលចេញផ្សាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែធានាបាននូវសុក្រឹត្យភាព និងត្រឹមត្រូវដោយទប់ស្កាត់បាននូវការក្លែងបន្លំ ក៏ដូចជាផ្តល់ភាពកាន់តែងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរតាមរយៈអនុស្សរណៈនាពេលនេះ នឹងចូលរួមជំរុញការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់៕