កំពង់ស្ពឺ ៖ កម្មករ-កម្មការិនីជិត៦០នាក់ បានរងរបួសធ្ងន់-ស្រាល ក្រោយរថយន្តដឹកកម្មករ បុករថយន្តមួយគ្រឿងនៅពីមុខ ហើយបន្តប៉ះម៉ូតូបណ្តាលឲ្យក្រឡាប់លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៥-៣៦ នៅចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ មិថុនា។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ3A-1352 បើកបរដោយឈ្មោះ តន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹកកម្មករ-កម្មការិនី ប្រមាណជាជិត៦០នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើ មកដល់ចំណុចខាងលើ ក៏បានបុកពីក្រោយរថយន្ដម៉ាក កៀ ម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខ ព្រះសីហនុ 2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច។
បន្ទាប់មករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ បានជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KE-9184 បើកបរដោយឈ្មោះ ថៃ សេង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្ស២នាក់ ទី១ឈ្មោះ ប៉ិច ជី ភេទស្រី អាយុ៤១ឆ្នាំ និងទី២ឈ្មោះ ប៉ិច ជេ ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង៣រស់នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាល។
ចំពោះ អ្នករបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅមន្ទីរសម្រាកព្យាបាល ប ស ស ព្រៃផ្ដៅ៕