ព័ត៌មានជាតិ

សម្ដេចធិបតី៖ អនាគត កម្ពុជាអាចធ្វើវិសោធនកម្មច្បាប់ បង្កើនទម្ងន់ទោស សម្រាប់អ្នកប្រព្រឹត្តខុស ដូចករណី ស្រី ស៊ីណា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា សម្រាប់ទៅថ្ងៃអនាគត កម្ពុជាអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសធ្ងន់ធ្ងរ ដូចករណីបុគ្គល ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និងរងរបួស ២នាក់។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋនៅទូទាំងប្រទេសផ្ទុះប្រតិកម្មមិនពេញចិត្ត ចំពោះការដាក់ទោសទណ្ឌទៅលើ ឈ្មោះស្រី ស៊ីណាដែលបានសម្លាប់មនុស្ស២យ៉ាងសាហាវព្រៃផ្សាយកាលពីថ្ងៃ១៧ មិថុនា ហើយកាត់ទោសឲ្យជាប់ពន្ធនាគារពី១០-១៥ឆ្នាំ ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៥ មិថុនា សម្ដេចធិបតី បានលើកឡើងពីសាររបស់ពលរដ្ឋទាំងអស់ បានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់សម្ដេច បន្ទាប់ពីសម្ដេច បានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្សដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឲ្យស្ថាប័នតុលាការយកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះឲ្យម៉ឹងម៉ាត់ និងឲ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។

សម្ដេចធិបតីបន្ដថា សម្ដេចបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្នដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។

សម្ដេចធិបតីគូសបញ្ជាក់ថា «ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែលក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ»។

សម្ដេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ទៀតថា «យើងមិនអាចផ្ដន្ទាទោសជនល្មើស លើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»៕

To Top