កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ ៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ ក្រោមអធិបតីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្តលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

យោងតាមរបាយការណ៍ របស់លោក ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ៣០៤ករណីឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន សរុបបាន ចំនួន ៤៩៨នាក់ ដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន សរុបទាំងអស់មានចំនួន ១,២៩១កញ្ចប់ មធ្យោបាយធ្វើសកម្មភាព និងឧបករណ៍ប្រើ ប្រាស់គ្រឿងញៀន មួយចំនួន ។

លោក វ៉ី សំណាង លើកឡើងថា ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ធ្វើឡើង គឺដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹង ទូលំទូលាយពីផល ប៉ះពាល់នៃគ្រោះថ្នាក់បណ្តាល មកពីគ្រឿងញៀន ម្យ៉ាងទៀតដើម្បីរំលឹកបំផុស ឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ការបង្ការនិងការទប់ស្កាត់រាល់បញ្ហា ដែលពាក់ព័ន្ធនិងគ្រឿងញៀន ព្រមទាំងចូលរួមចំណែកអនុវត្តនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក អភិបាលខេត្ត ឲ្យដឹងទៀតថា អ្នកប្រព្រឹត្ត និងប្រើប្រាស់គ្រឿងញៀន គឺបានធ្វើអោយប៉ះពាល់ អន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៍ ជំងឺផ្សេងៗ និងកើតមានអំពើហិង្សាផ្សេងៗ នៅក្នុងសង្គមគ្រួសារ ជាក់ស្តែងគ្រួសារអ្នកប្រើប្រាស់គ្រឿងញៀនផ្ទាល់តែម្តង ហើយសកម្មភាពចរាចរ ចែកចាយគ្រឿងញៀននៅខេត្ត នៅតែកើតមានក្នុង ចំណោមប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលឈានទៅដល់ការ បាត់បង់ធនធានមនុស្ស ប៉ះពាល់ ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការ អភិវឌ្ឍប្រទេសជាតិ ។ ជាងនេះទៅទៀត កាប្រើប្រាស់គ្រឿងញៀន បានបន្សល់ទុកនូវក្តីកង្វល់ ដល់សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមាន កូនចៅរងគ្រោះ ដោយសារគ្រឿងញៀន ដែលទាមទារឲ្យមានចំណាត់ការហ្មត់ចត់ សមស្រប និងច្បាស់លាស់ របស់ស្ថាប័ន និងសមត្ថកិច្ច ។

លោក បានអំពាវនាវ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយចាត់វិធានការទប់ស្កាត់ និងរួមគ្នាបញ្ចៀសគ្រឿងញៀន ឲ្យផុតពីសហគមន៍តាមរយៈការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀន ៕
ដោយ៖សុខសុភ័ណ្ឌ








