ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសអំពាវនាវ ដល់កម្លាំងមានសមត្ថកិច្ច ឱ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនយកឈ្មោះ និងរូបថតរបស់លោក ដើម្បីក្លែងបន្លំ និងបង្កើតគណនីក្លែងក្លាយក្នុងចេតនាទុច្ចរិត ផ្ទុយនឹងច្បាប់។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដើមអម្ពិលដឹង នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក នេត្រ ភក្រ្តារដ្ឋមន្រ្តី ក្រសួងព័ត៌មាន ត្រូវបានក្រុមជនមិនស្គាល់អត្តសញ្ញាណ បានយកឈ្មោះ និងរូបថតដើម្បីក្លែងបន្លំ និងបង្កើតគណនីក្លែងក្លាយក្នុងចេតនាទុច្ចរិត ផ្ទុយនឹងច្បាប់។
យ៉ាងណាក៏ដោយ តាមបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃអង្គារ ទី ២៥ ខែ មិថុនា លោក នេត្រ ភក្រា ក៏បង្ហោះសារ ដែលមានខ្លឹមសារ៖ ខ្ញុំសូមជម្រាបជូនដល់សាធារណជន បានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំ ទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា។ ខ្ញុំសូមបញ្ជាក់ថាគណនីនេះ មិនមែនជាគណនីខ្ញុំទេ ជាគណនីក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះករណីគណនីនេះ បង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។ ខ្ញុំសូមអំពាវនាវដល់កម្លាំង មានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំ។
ករណីស្រដៀងគ្នានេះ មិនមែនជាលើកទី១នោះទេ ថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត ក៏ធ្លាប់ត្រូវបានក្រុមមិនស្គាល់អត្តសញ្ញាណ បានប្រព្រឹតិ្តដូចគ្នាដែរ ហើយពួកជនទុច្ចរិតទាំង ក៏មិនរួចពីសំណាញ់ច្បាប់នោះដែរ៕