ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ដរាបណា គណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំ ជីវភាព កិត្តិយសរបស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា ដរាបណា គណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេស ជីវភាព កិត្តិយសរបស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ដបន្ទាប់ ។

នាឱកាសអញ្ជើញជាអធិបតីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃ២៦ មិថុនា សម្ដេចធិបតីបានបង្ហាញពី មោទកភាពដែលបានបង្កើតភូមិសន្តិភាពដែលមានសុទ្ធតែអតីតយោធា នៃគ្រប់ភាគីជម្លោះ បានរស់នៅជាមួយគ្នាដោយសុខដុម។

សម្ដេចធិបតីមានប្រសាសន៍ថា «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ដ ជីវភាព កិត្តិយស របស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ដបន្ទាប់។ តិច ឬច្រើន យើងបន្ដជួយគ្នា ហើយយកចិត្តទុកដាក់ ហើយគ្រប់ជ្រុង កាលពេលមុនយើងមានប្រាក់សោធន៍ ឥឡូវយើងមានគោលនយោបាយរបបផ្ទះ»។

សម្ដេចធិបតីបន្ដថា ជីវភាព និង ព្យាបាលជំងឺផ្សេងៗ របស់អតីតយុទ្ធជន ត្រូវបានគិតគូរជានិច្ច។ សម្ដេចក៏បានថ្លែងអំណរ គុណចំពោះ ក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនព្យាបាលឥតគិតថ្លៃ ដោយមានប័ណ្ណ ប.ស.ស។

សម្ដេចនាយករដ្ឋមន្ដ្រីឲ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ចំនួន ១៤៩០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ៕

To Top