ព័ត៌មានជាតិ

ក្រុមហ៊ុន Lagardère Travel Retail SAS ទទួលបានសិទ្ធ១២ឆ្នាំ ក្នុងការលក់ទំនិញរួចពន្ធ នៅអាកាសយាន្តដ្ឋាន​ អន្តរជាតិតេជោ

ភ្នំពេញ ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (“ក្រុមហ៊ុន CAIC”) បានឱ្យដឹងថា ខ្លួនបានផ្តល់កិច្ចសន្យារយៈពេល ១២ឆ្នាំ ដល់ក្រុមហ៊ុន Lagardère Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្តល់សេវាកម្មម្ហូបអាហារ នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ខណៈកិច្ចសន្យានេះ ឆ្លុះបញ្ចាំង ពីជោគជ័យដ៏ធំមួយ ក្នុង ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងចាប់ផ្តើម ប្រតិបត្តិការនៅឆ្នាំ២០២៥។

ក្រុមហ៊ុន CAIC មានគោលបំណងកែលម្អនូវទិដ្ឋភាព និងបទពិសោធន៍ នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់ នៅអាកាសយានដ្ឋាននេះ ដែលជាច្រកទ្វារអន្តរជាតិ នាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗ ចំនួន ៣៤ ដោយការវិនិយោគខ្នាតធំ ជាលក្ខ ណៈការបែកចែកប្រាក់ចំណេញ។ ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់លើខ្សែសង្វាក់អាជីវកម្មចំនួន ៣ ដែលមាន ហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើបនិងភោជនីយដ្ឋាន ហាងផ្តល់សេវាកម្មម្ហូបអាហារដែលពុំ ធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារសម្រាប់ធ្វើដំណើរ ដែលនឹងបំពេញនូវតម្រូវការចម្រុះរបស់អ្នកដំណើរ សម័យថ្មី។

អ្នកដំណើរនឹងអាចទទួលបាន នូវបទពិសោធន៍ថ្មីពីហាង Aelia Duty Free ដែលផ្តល់ជូននូវជម្រើសនៃ ម៉ាកយីហោចម្រុះនៅព្រះរាជាណាចក្រកម្ពុជា ហាងកាហ្វេ EL&N ដែលជាទីកន្លែងដ៏ទាក់ទាញ សម្រាប់ការថតរូប បង្ហោះក្នុងបណ្តាញសង្គមជាពិសេស Instagram ភោជនីយដ្ឋានប្រណិត Le Connoisseur និងអាហារដ្ឋាន Marché Food Hall ជាដើម។

កិច្ចសន្យានេះ ផ្តោតលើគំរូនៃការបែងចែកប្រាក់ចំណេញ ដែលនឹងផ្លាស់ប្តូរ នូវបរិបទនៃឧស្សាហកម្ម ផ្តល់សេវាលក់ ទំនិញក្នុងវិស័យទេសចរណ៍។ គំរូនៃការបែងចែកប្រាក់ចំណេញនេះ បង្កើតបាននូវភាពជាដៃគូពិតប្រាកដរវាង ប្រតិបត្តិករ និងអាកាសយានដ្ឋាន ដែលបង្ហាញពីផ្នត់គំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន CAIC ដែលជាប្រតិបត្តិករដំបូង គេបង្អស់នៅក្នុងតំបន់ដែលបានអនុវត្ត។ ភាពបន់បែននៃកិច្ចសន្យារយៈពេល ១២ឆ្នាំនេះ នឹងជួយសម្រួលដល់ការ សាកល្បងនៃការផ្តល់ជូននូវបច្ចេកវិទ្យា ផលិតផល និងម៉ាកយីហោថ្មីៗផងដែរ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្ស រីករាយ ដែលក្រុមហ៊ុន Lagardère Travel Retail SAS និង HSC Group បានបង្ហាញ និងមានទំនុកចិត្ត ចក្ខុវិស័យ និងការប្តេជ្ញាចិត្តដូចគ្នា ជាមួយនឹងក្រុមហ៊ុន CAIC ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មី ទំនើប លំដាប់ ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជាកម្ពុជា។ យើងជឿជាក់ថា កិច្ចសហការជាមួយក្រុមហ៊ុន Lagardère Travel Retail SAS នឹងលើកកម្ពស់កិត្តិនាម អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ ថ្មីនៃការផ្តល់សេវាលក់ទំនិញ និងអាហារដល់អ្នកដំណើររបស់យើងផងដែរ។”

អ្នកស្រី Séverine Lanthier នាយិកាផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិកាផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍ មានប្រសាសន៍ថា “កិច្ចសន្យានេះ បើកនូវទំព័រថ្មីនៃប្រតិបត្តិការរបស់យើងនៅតំបន់អាស៊ី ហើយនាងខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងដៃគូសហការរបស់យើង ដែលបានផ្តល់ការគាំទ្រដល់យើងក្នុង ការបង្កើតកិច្ចសហការថ្មីនេះ។ នាងខ្ញុំជឿជាក់ថា តាមរយៈគំរូនៃការបែងចែកប្រាក់ចំណេញ និងការប្តេជ្ញាចិត្តរបស់ ក្រុមការងារ យើងនឹងលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរនៅអាស៊ីខាងត្បូង និង អន្តរជាតិ ឲ្យកាន់តែល្អមួយកម្រិតទៀត។”

គិតត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុន CAIC បានវិនិយោគទុនប្រមាណជាង ១,១ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ដំណាក់កាលដំបូង នៃគម្រោងអាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមប្រតិបត្តិការ នៅដើមឆ្នាំ២០២៥ ដែលអាចទទួលអ្នកដំណើរបានចំនួន ១៣ លាននាក់។ បច្ចុប្បន្ននេះការសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៧៨% ដោយមានបុគ្គលិក និងកម្មករប្រមាណជាង ១៧,០០០ នាក់កំពុងធ្វើការយ៉ាង សស្រាក់សស្រាំលើគម្រោងនេះ ៕

To Top