ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ដោយមានអ្នកចូលរួមប្រមាណជាង៥ពាន់ ស្ថិតនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
វត្តមានដ៏ឧត្តុង្គឧត្ដមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃក្នុងការអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា និងនៅក្នុងឱកាសអបអរទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម” របស់សមាគមមូលនិធិសម្ដេចតេជោ នាថ្ងៃនេះ បានបង្ហាញពីភាពកក់ក្ដៅបំផុត ប្រកបដោយ កតញ្ញូតាធម៌ របស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមគោល នយោបាយ យុទ្ធសាស្ត្របញ្ចកោណ របស់រាជ រដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៧ និងដើរតាមមាគ៌ា នៃគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជានេះផងដែរ។
គោលបំណងនៃការបង្កើត សមាគមមូលនិធិសម្តេចតេជោ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍន៏និងលើកស្ទួយ វិស័យសហគ្រាសធុនតូចនិងមធ្យម តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការផ្គូរផ្គងអាជីវកម្ម ពង្រីក និងនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ ជាក់ស្តែងនៅក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅសមាគមមូលនិធី សម្តេចតេជោ និង FASMEC បានរៀបចំសិក្ខាសាលា នៅទូទាំង ២៥ រាជធានីខេត្ត ដើម្បីផ្តល់នៅចំណេះដឹងទាក់ទងនិង ដំណើរការ នៃការត្រៀមខ្លួន ក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ការចែករំលែកព័ត៌មាន ទាក់ទងនឹង បទប្បញ្ញត្តិ របស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ និងជាពិសេសគឺដកស្រង់ នូវបញ្ហាប្រឈម របស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ដែលសរុបអ្នកដែលបានចូលរួម មានចំនួន ៤៥០០នាក់ ដែលកម្មវិធីអាចដំណើរការបាន ដោយមានការ សហការ ជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម មន្ទីរការងារ មន្ទីរទេសចរណ៏ ទាំង ២៥ រាជធានី-ខេត្តក្រុង។
ស្របតាមយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ បញ្ចាកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ ចំណុចទី២ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី សហគ្រិនភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនាមសមាគមមូលនិធិសម្តេចតេជោ និង FASMEC និងរៀបចំផែនការ សម្រាប់ឆ្នាំបន្តបន្ទាប់ ដែលមានដូចជា ៖ បន្តសហការជាមួយដៃគូរអភិវឌ្ឍន៍ និងស្ថាប័នដែលពាក់ព័ន្ធ រៀបចំវេទិការ ផ្គូរផ្គងពាណិជ្ជកម្ម កម្មវិធីទស្សនកិច្ច សិក្សា ស្វែងយល់ វគ្គបណ្តុះបណ្តាលពង្រឹងសម្ថភាព កម្មវិធីពានរង្វាន់ និងការលើកទឹកចិត្តនានា ការដោះស្រាយបញ្ហាប្រឈម រៀបចំកម្មវិធីតាំងពិពណ៌ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណា ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម មានទាំងលទ្ធភាព សមត្ថភាព និងគុណភាព សម្រាប់ជំរុញការនាំចេញ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិកាន់តែខ្លាំង ជាពិសេស និង ប្តេជ្ញាបន្តរៀបចំកម្មវិធីសិក្ខាសាលាឱ្យបានទូទាំង ២៥ រាជធានី ខេត្ត ដើម្បីចែករំលែក និងធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលពាក់ព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមរបស់ស្ថាប័នពាក់ពន្ធនានា ឱ្យបានកាន់តែទូលំទូលាយនៅទូទាំង ប្រទេសកម្ពុជាដោយមិនយកថវិកា។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលសមាគមមូលនិធិសម្ដេចតេជោ បានរៀបចំកម្មវិធីពិសាភោជនាហារសាមគ្គី ដើម្បីលើកកម្ពស់ និងគាំទ្រ ដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដឹកនាំសម្របសម្រួលរៀបចំទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជារៀងរាល់ឆ្នាំ និង ឯកជន ក្នុងគោលបំណងរួមគ្នា ដើម្បីលើកស្ទួយវិស័យសហគ្រាសធុនមីក្រូ តូចនិងមធ្យមកាន់តែរីកចម្រើន និងចូលរួមចំណែក ក្នុងការកសាងសេដ្ឋកិច្ចជាតិ ៕