ព័ត៌មានជាតិ

លោក សយ សុភាព ក្រើនរំលឹកជនទាំងឡាយណា ដែលរារាំងការអភិវឌ្ឍន៍ ប្រឡាយស្ដាព្រៃស្នួល​ ត្រូវទទួលខុសត្រូវ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកចូលរួមអភិវឌ្ឍន៍ ភូមិព្រៃស្នួល បានក្រើនរំលឹកដល់ជនទាំងឡាយណា ដែលរារាំងការអភិវឌ្ឍន៍ ប្រឡាយស្ដាព្រៃស្នួល​ ត្រូវទទួលខុសត្រូវ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ជាមួយនឹងការក្រើនរំលឹកនេះ លោក សយ សុភាព បានបង្ហាញនូវផែនការលំអិត សម្រាប់ស្តារប្រឡាយព្រៃស្នួល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្រាំងធ្នង់ និងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

លោក សយ សុភាព បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ត្រីសូរិយោដី បានចុះទៅវាស់តាមយាមការនៃប្លង់ដី សម្រាប់ស្តារនិងកសាងផ្លូវសងខាងប្រឡាយ ទៅតាមរាងដី ដែលមានប្លង់ ដោយមានថែម បំពាក់អំពូលភ្លើងសូឡា ដាំកូនឈើអមសងខាងផ្លូវ ដើម្បីបង្កើតបរិស្ថាន។

លោកបន្តថា តាមការឯកភាពគ្នា ដីក្នុង១ឡាន ក្រុមការងារភូមិទាំង២ ទទួលភាគលាភ១ពាន់រៀល សម្រាប់ក្រុមការងារធ្វើការផ្ទាល់ ក្នុងនោះ លោកផ្ដល់យោបល់ដល់ មេភូមិទាំងពីរ (ក្រាំងធ្នង់ និងព្រៃស្នួល) ឱ្យពិចារណាទទួលយកកំរៃ ដោយបែងចែក៥០ភាគរយ សម្រាប់ក្រុមការងារ ដោយសល់៥០ភាគរយ ទៀតសម្រាប់ចាត់ចែង ក្នុងសាលាសន្សំបុណ្យ ទុកកសាងផ្សេងៗទៀត។ ដូច្នេះអនាគតភូមិទាំង២ នឹងមានផ្លូវអមសងប្រឡាយ ចាប់ពីថ្នល់ជាតិ ទៅភ្នំជីសូរ្យ។

លោក សយ សុភាព បញ្ជាក់ថា ប្រសិនបើនៅខ្វះខាតអំពូលសូឡា កូនឈើ និងផ្សេងៗទៀត លោកទទួលចាត់ចែងបន្ត ទៅតាមលទ្ធភាពជាក់ស្តែង។

សូមបញ្ជាក់ថាអាចម៏ដី យកទៅចាក់បំពេញដី៩ហិកតា នៅក្នុងឃុំរវៀង សម្រាប់កសាងរោងចក្រ ចម្ងាយជិត១គីឡូម៉ែត្រ ពីប្រឡាយ។នេះជាមោទកៈភាពណាល់ សម្រាប់ឃុំរវៀង ដោយបងប្អូនអ្នកស្រុក នឹងបានការងារធ្វើ។ ម៉្យាងភូមិទាំង២ របស់ឃុំរវៀង ទទួលបាន ទឹក ផ្លូវ និងអំពូលសូឡា។

លោក សយ សុភាព ក៏បានអំពាវនាវ ដល់អភិបាលស្រុកសំរោង មន្ត្រីពាក់ព័ន្ធសាលាស្រុក ឃុំ ជ្រាបជាព័ត៌មាន និងលើកទឹកចិត្ត។ លោកថា ជាធម្មតា តែកាលណាមានការអភិវឌ្ឍន៍ តែងតែមានផលប៉ះពាល់ខ្លះហើយ តែនេះជាមុខមាត់ទាំងអស់គ្នា។ សម្ថកិច្ចទាំងអស់ មេត្តាអញ្ជើញចុះតាមដាន សហការ ប្រយោជន៍អ្នកស្រុកទាំងអស់គ្នា៕

To Top