ភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) ទៅតុលាការ នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បន្ទាប់ពីមន្ត្រីអង្គការនេះបានប្រើពាក្យញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព។

លោក ហង្ស រ៉ាវី ប្រធានសហភាព សហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញថា សមាជិកជាកម្មករជាង ៤ម៉ឺននាក់ កើតទុក្ខមិនសុខចិត្ត ចំពោះការចោទប្រកាន់ខុសការពិតធ្ងន់ធ្ងរបំផុត ដោយសារលោក ឃុន ថារ៉ូ បានផ្តល់បទសម្ភាសន៍ទៅវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដោយប្រើពាក្យយកសហជីព ក្លែងក្លាយទៅវាយសហជីពឯករាជ្យ និងយកយុវជន ឬសង្គមស៊ីវិលក្លែងក្លាយ ទៅវាយយុវជន និងសង្គមស៊ិវិលឯករាជ្យ។

លោកបញ្ជាក់ថា៖«ការលើកឡើងរបស់លោក ឃុន ថារ៉ូ ប៉ះពាល់ខ្លាំងដល់សហជីពទូទាំងប្រទេស។ ទី២ ការប៉ះពាល់របស់គាត់គឺប្រមាថដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ ហើយមានការរើសអើង ញុះញង់ឱ្យមានការរើសអើងផ្សេងៗទៀត ហើយការដែលខ្ញុំប្តឹង ឃុន ថារ៉ូ ខ្ញុំចង់បញ្ជាក់ថា ករណីដែលយើងប្តឹងបុគ្គល ឃុន ថារ៉ូ យើងសុំឱ្យតុលាការមានចំណាត់ការលើបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន»។

លោក ហង្ស រ៉ាវី បានឱ្យដឹងថា ការប្តឹងបុគ្គល ឃុន ថារ៉ូ នេះសមាជិក សមាជិកា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ទាមទារសំណងជំងឺចិត្ត ១០០លានរៀល ប៉ុន្តែសមាជិកសមាជិកា ទាំងអស់មិន ចង់បានលុយនោះឡើយ អ្វីដែលសំខាន់គឺចង់បានភាពស្អាតស្អំ មកវិញហើយកញ្ចប់ថវិកា ដែលបានមកទាំងអស់ ឯកភាពគ្នាបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា។

លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និយាយថា ការលើកឡើងរបស់លោក ឃុន ថារ៉ូ គឺជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដោយគ្មានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងប៉ះពាល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ និងមូលបង្កាច់ ប្រមាថបរិហារ បង្កាច់កេរ្តិ៍មកលើអង្គការវិជ្ជាជីវៈ ហៅកាត់ថា (សហជីព) ក៏ដូចជា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC ដែលមានវិញ្ញាបនបត្រចុះបញ្ជីអង្គការវិជ្ជាជីវៈត្រឹមត្រូវស្របច្បាប់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការប្រើពាក្យថាសហជីពក្លែងក្លាយនះ វាជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ និងមិនឱ្យតម្លៃទៅលើច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៦ កថាខណ្ឌទី៥ ដែលចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាមួយសមាជិកសហជីពនេះ និងកថាខណ្ឌទី៦ ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព និងកំណត់ក្នុងច្បាប់ ច្បាប់ស្តីពីសហជីព និងច្បាប់ស្ដីពីការងារ ៕




