ព័ត៌មានជាតិ

តុលាការ សម្រេចចោទឧក្រិដ្ឋជន ស្រី ស៊ីណា ១បទល្មើសបន្ថែមទៀត

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀតគឺ «បទរំលោភលើលំនៅដ្ឋាន»។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ លម្អិតបន្ថែមទៀត លើសំណុំរឿង ករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស២ នាក់បានស្លាប់ និងមនុស្ស ២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, តំណាងអយ្យការបាន ពិនិត្យឃើញថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅ ក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន។

សេចក្តីប្រកាសបញ្ជាក់ទៀតថា «ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ»៕

To Top