ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ឆ្នាំ២០៣០ កម្ពុជា នឹងបង្កើនការវិនិយោគប្រភពអគ្គិសនី ដើម្បីទប់តម្លៃភ្លើងជូនពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជាត្រូវបង្កើនការវិនិយោគប្រភពអគ្គិសនីកកើតថ្មីថែមទៀត ដើម្បីធានានូវតម្លៃភ្លើងជូនប្រជាពលរដ្ឋ ជាពិសេសជូនវិស័យឯកជន។

បើតាម សម្ដេចធិបតី ប្រភពអគ្គិសនីកកើតថ្មីនោះ ដូចជា៖ អគ្គិសនីពីសូឡា អគ្គិសនីខ្យល់ និងវារីអគ្គិសនី។

នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃភ្លើង ប្រទេសជិតខាង បានតំឡើងថ្លៃច្រើនណាស់ ដោយសារសង្រ្គាមនៅអ៊ុយក្រែន។

សម្ដេចធិបតី គូសបញ្ជាក់ថា «តែភ្លើងនៅយើងរាជរដ្ឋាភិបាល EDC បានចេញថវិកា ដើម្បីធ្វើយ៉ាងណាយើងទប់លំនឹង កុំឲ្យមានការកើនឡើងខ្លាំង បើសិនយើងកើន មួយ ជាពីរ ដូចនៅប្រទេសខ្លះ ភ្លើងនៅប្រទេសខ្លះឡើង កើនមួយ ជាពីរ ជាបី ជាបួន ដោយសារនាំចូលប្រេងច្រើន។ យើងមានសំណាងមួយដោយសារ ៦២ភាគរយ នៃប្រភពថាមពលរបស់យើងពីប្រភពកកើតថ្មី ដូចជា វារីអគ្គិសនី សូឡា ជាដើម»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ឥឡូវឆ្នាំ២០៣០នេះ យើងត្រូវបង្កើតការវិនិយោគទៅលើប្រភពអគ្គិសនី ប្រភព កកើតថ្មី ពីសូឡា ពីខ្យល់ ពីវារី អគ្គិសនី ថែមទៀត ដើម្បីទប់លំនឹងរបស់ថាមពលរបស់យើង ដើម្បីធានានូវតម្លៃភ្លើងជូនទៅដល់ប្រជាពលរដ្ឋ ជាពិសេសវិស័យឯកជន កុំឲ្យឡើងថ្លៃ។

ជាការពិតណាស់ សម្ដេច ក៏សង្កេតឃើញថា មានការលើកឡើងអំពីតម្លៃភ្លើងនៅតាមបណ្ដាញសង្គម ប៉ុន្ដែបើប្រៀបធៀបជាមួយប្រទេសជិតខាង តម្លៃភ្លើងរបស់កម្ពុជា បានធូរជាង៕

To Top