ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញបិទសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ តាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេស ប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន ២៣៣នាក់ ស្រី ២៦ នាក់។

បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផល នៃដំណេីការនៃអង្គសិក្ខាសាលា ដោយ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ រួចមក លោករដ្ឋមន្ដ្រី បានធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលទទួលជោគជ័យបន្ទាប់ពីឆ្លងកាត់ វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃកន្លងនេះ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ ជាពិសេសនាយកដ្ឋានផ្លូវលំជនបទដែលបានរៀបចំសិក្ខាបណ្តុះបណ្តាលនេះឡើង។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាដំណើរការនៃការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការបំពេញការងារ ឬហៅថា On-the-job Training ដើម្បីពង្រឹងការថែទាំ ឬបង្កើនលទ្ធភាពថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់ ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងដើម្បីសម្រេចនូវចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាការចូលរួមចំណែកអនុវត្តតាមអភិក្រមរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថា ពង្រឹង ៧០% និងពង្រីក ៣០%។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖
១/ លោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ និងមន្ត្រីបង្គោលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន
២/ ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មី ដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភ័ណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់
៣/ ត្រូវបន្តធ្វើបច្ចុប្បន្នភាពប្រភេទកម្រាលផ្លូវឱ្យបានទៀងទាត់ ពោលគឺប្រភេទកម្រាលផ្លូវអាចមានការប្រែប្រួលជារៀងរាល់ឆ្នាំ ពីផ្លូវដីសទៅជាក្រួសក្រហម, ពីផ្លូវក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង តាមរយៈគម្រោងថវិកាជាតិ និងគម្រោងថវិកាដៃគូអភិវឌ្ឍន៍
៤/ រាល់ការលើកផែនការថែទាំផ្លូវជនបទ ត្រូវពឹងផ្អែកលើផែនការមេផ្លូវជនបទ (Rural Road Master Plan) និងត្រូវបន្តពិនិត្យបញ្ជាក់បន្ថែមជាមួយប្រព័ន្ធ RRAMS ក្នុងការសម្រេចកំណត់យកខ្សែ ផ្លូវអាទិភាពសម្រាប់ការងារថែទាំ និងជួសជុល
៥/ ត្រូវបង្កើនកិច្ចសហការជាមួយនាយកដ្ឋានផ្លូវលំជនបទ ក្នុងការលើកផែនការថែទាំផ្លូវ និងតម្រូវការជំនួយបច្ចេកទេសនានា ។

ជាទីបញ្ចប់ លោករដ្ឋមន្ដ្រី បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ យកស្មារតីនៃសិក្ខាសាលានេះទុកជាមូលដ្ឋាន និងបទពិសោធន៍ ដើម្បីជាទុនក្នុងការអនុវត្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនោះក្រុមការងារ RRAMS,  នាយកដ្ឋានផ្លូវលំជនបទ និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ ត្រូវបន្តសហការគ្នាយ៉ាងស្អិតរមួត ក្នុងការធ្វើបច្ចុប្បន្នភាពប្រភេទកម្រាល និងខ្សែផ្លូវ ដែលជាសមិទ្ធផលថ្មីៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

To Top